(វ៉ាស៊ីនតោន)៖ ប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកមិនជឿឡើយ លើវត្តមានរបស់ «មនុស្សក្រៅភព ឬ Alien» បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការចាប់បាន សញ្ញានៃវត្ថុចម្លែកម្យ៉ាងដោយយោធាអាមេរិក នាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។
ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News នៅក្នុងសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំណួរ ជុំវិញការយល់ឃើញរបស់លោក ពីមនុស្សក្រៅភព។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា ៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំនៅតែមានមន្ទិលសង្ស័យ ហើយខ្ញុំក៏មិនជឿនោះដែរថា មានមនុស្សក្រៅ ភព។ ប៉ុន្តែដូចអ្នកធ្លាប់ដឹងហើយ ខ្ញុំតែងតែសន្មត់ជារឿយៗថារឿងគ្រប់យ៉ាងអាចទៅនឹងរួច»។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ វាគឺលើកទីមួយដែលលោក ដូណាល់ ត្រាំ បង្ហាញពីការយល់ របស់លោកលើវត្តមាន«មនុស្សក្រៅភព» ក្រោយយោធាអាមេរិកកាលពីខែមិថុនា កន្លងទៅ បានប្រាប់លោកថាពួកគេចាប់បានសញ្ញាវត្ថុចម្លែកម្យ៉ាងអាចជា«ថាសហោះមនុស្សក្រៅភព»៕