(ហុងកុង)៖ បន្ទាប់ពីបានកើតឡើងរឿងដែលជនជ្រុលនិយមវាយប្រហារបំផ្លិចបំផ្លាញ អគារគណៈកម្មាធិការនីតិបញ្ញតិ្តដោយប្រើអំពើហិង្សា នៅតំបន់ហុងកុង កាលពីពេលថ្មីៗកន្លងទៅនេះ មានអ្នកនយោបាយអង់គ្លេសមួយចំនួនបានយកលេសស្តីពី «សេចក្តីប្រកាសរួមរវាងចិន-អង់គ្លេស» ដែលបានក្លាយទៅជាឯកសារ ប្រវត្តិសាស្ត្រយូរអង្វែងហើយនោះមកនិយាយផ្តេសផ្តាស ដោយបានអះអាងថា គាំទ្រអ្នកហុងកុងក្នុងការគាំពារសេរីភាពដែលអង់គ្លេសបានផ្តល់ឲ្យ។
រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងមិនអាចបង្ក្រាបបាតុកម្មដោយយកលេសថា វាជាទង្វើអំពើហិង្សា។ តាមពិតការអះអាងបែបនេះបានជ្រៀតជ្រែកកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ចិនយ៉ាងកំរោលច្បាស់ នឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងអង់គ្លេសជាមិនខាន។
ទីមួយ៖ «សេចក្តីប្រកាសរួមរវាងចិន-អង់គ្លេស» ជាឯកសារនយោបាយមួយដែលចិន និងអង់គ្លេសបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៤ ដើម្បីរៀបចំឡើងវិញ នូវសិទ្ធិអធិបតេយ្យភាពហុងកុងរបស់ភាគីចិន ព្រមទាំងកិច្ចការអន្តរកាល។ បន្ទាប់ពីតំបន់ហុងកុងវិលត្រឡប់មកមាតុប្រទេសវិញកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ សិទ្ធិនិងកាតព្វកិច្ចមានពាក់ព័ន្ធរបស់អង់គ្លេសដែលបានកំណត់ក្នុងសេចក្តីប្រកាសរួមនោះត្រូវបានបញ្ចប់ទាំងស្រុង ហើយសេចក្តីប្រកាសនោះ បានក្លាយជាឯកសារប្រវត្តិសាស្ត្រមួយរួចទៅហើយ។ អង់គ្លេសគ្មានអធិបតេយ្យភាព គ្មានសិទ្ធិក្នុងការគ្រប់គ្រង និងត្រួតពិនិត្យថែមទាំងគ្មានអ្វីដែលហៅថា ជាភារកិច្ចផ្នែកយុត្តិធម៌ចំពោះតំបន់ហុងកុង បន្ទាប់ពីហុងកុងវិលត្រឡប់មកមាតុប្រទេសវិញឡើយ។ រដ្ឋាភិបាលចិនមានសិទ្ធិអធិតេយ្យភាពចំពោះ តំបន់ហុងកុងអនុលោមតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់មូលដ្ឋាននៃហុងកុង។
ទីពីរ៖ នៅអង់គ្លេសមានអ្នកនយោបាយនិយាយថា សេរីភាពរបស់ប្រជាជនហុងកុង គឺបានមកពីភាគីអង់គ្លេស ថែមទាំងបានមួលបង្កាច់ថា ហុងកុងមិនទទួលបាន លទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះទេ បន្ទាប់ពីវិលទៅកាន់មាតុប្រទេសចិនវិញ។ ប្រជាជនលើពិភពលោកសុទ្ធតែដឹងថា ក្នុងអំឡុងពេលអង់គ្លេសគ្រប់គ្រងហុងកុង អភិបាលហុងកុងអាណត្តិនីមួយៗសុទ្ធតែត្រូវបានតែងតាំងដោយរដ្ឋាភិបាលអង់គ្លេស ប្រជាជនហុងកុងគ្មានសិទ្ធិបោះឆ្នោតនោះទេ ប្រព័ន្ធតុលាការមិនឯករាជ្យ ហើយគ្មានសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅគ្រប់រូបភាពទាំងអស់។
ក្រោយពីហុងកុងវិលមកមាតុប្រទេសចិនវិញ រដ្ឋាភិបាលចិនបានអនុវត្តន៏របប «ប្រទេស១ ប្រព័ន្ធគ្រប់គ្រង២» និង «ប្រជាជនហុងកុងគ្រប់គ្រងហុងកុង» យ៉ាងប្រាកដប្រជាដោយអនុលោមតាមរដ្ឋធម្មនុញ្ញ និងច្បាប់មូលដ្ឋាននៃហុងកុង ប្រជាជនហុងកុងមានសិទ្ធិប្រជាធិបតេយ្យ និងសេរីភាពដែលមិនធ្លាប់មានពីមុនមកតាមច្បាប់។ ទិន្នន័យមួយដែលបានចេញផ្សាយដោយធនាការពិភពលោកបានបង្ហាញឱ្យឃើញថា កម្រិតគ្រប់គ្រងតាមច្បាប់នៃហុងកុង គឺស្ថិតនៅលំដាប់កើនឡើងពីលេខជាង៦០ នាឆ្នាំ១៩៩៦ មកនៅលេខ១១ នាឆ្នាំ២០១៥ លើទូទាំងពិភពលោក។ ការនេះក៏ដូចជាការវាយតម្លៃរបស់ប្រជាជនហុងកុង គឺហុងកុងកំពុងឆ្លងកាត់យុគសម័យដែលមានលទ្ធិប្រជាធិបតេយ្យបំផុតក្នុងប្រវត្តិសាស្ត្រ។
ទីបី៖ ច្បាប់មូលដ្ឋានរបស់តំបន់ហុងកុងបានផ្តល់ឱ្យប្រជាពលរដ្ឋតំបន់ហុងកុងនូវសេរីភាព និងសិទ្ធិក្នុងការបញ្ចេញមតិ ជួបជុំធ្វើបាតុកម្ម និងកុបកម្ម។ ទោះយ៉ាងណាក៏ដោយក្នុងការអនុវត្តសិទ្ធិទាំងនេះ បុគ្គលគ្រប់រូបគួរតែគោរពសិទ្ធិរបស់អ្នកដទៃ និងមិនប៉ះពាល់ដល់របៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងសុវត្ថិភាពសាធារណៈ ហើយមិនត្រូវប្រព្រឹត្តបទឧក្រិដ្ឋដោយអំពើហិង្សាឡើយ។
នាពេលថ្មីៗនេះក្រុមជ្រុលនិយមមួយចំនួនបានវាយប្រហារ និងបំផ្លិចបំផ្លាញអគារនៃគណៈកម្មាធិការនីតិបញ្ញត្តិហុងកុង ដែលបានជាន់ឈ្លីការគ្រប់គ្រងតាមច្បាប់ នៃតំបន់ហុងកុង ក៏ដូចជាបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមរបស់តំបន់ហុងកុង និងបំផ្លាញផលប្រយោជន៍ជាមូលដ្ឋាននៃតំបន់ហុងកុងទៀតផង។
ផែ្នកប៉ូលិសហុងកុង បានបង្រ្កាបឧក្រិដ្ឋកម្មហិង្សា និងដេញដោលរកការទទួលខុសត្រូវផែ្នកព្រហ្មទណ្ឌចំពោះអ្នករំលោភច្បាប់ គឺដើម្បីគាំពារភាពថ្លៃថ្នូរនៃការគ្រប់គ្រង តាមច្បាប់នៅហុងកុង។
រយៈពេល២២ឆ្នាំបានកន្លងផុតទៅហើយ តំបន់ហុងកុងជាតំបន់រដ្ឋបាលពិសេសមួយនៃប្រទេសចិន។ កិច្ចការរបស់ហុងកុងគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រទេស អង្គការនិងបុគ្គលណាទាំងអស់សុទ្ធតែគ្មានសិទ្ធិក្នុងការជ្រៀតជ្រែកនោះទេ។ ទំនាក់ទំនងរវាងចិន និងអង់គ្លេស គួរតែផ្អែកទៅលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព បូរណភាពទឹកដីរវាងគ្នាទៅវិញទៅមកនិងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ អ្នកនយោបាយអង់គ្លេសដែលនិយាយផ្តេសផ្តាសចំពោះកិច្ចការ ហុងកុងជាច្រើនលើកច្រើនសារទាំងនោះ គួរតែរៀនសូត្រអំពីប្រវត្តិនៃការវិលត្រឡប់មកកាន់ប្រទេសចិនវិញរបស់ហុងកុង ហើយគួរតែធ្វើរឿងរបស់ខ្លួនឯងឱ្យបានល្អជាមុន៕