(ឡុងដ៍)៖ រូបចម្លាក់ព្រះកេសរបស់ព្រះចៅផារ៉ាអុងអេហ្ស៊ីប Tutankhamun ត្រូវបានលក់ក្នុងតម្លៃ៦លានដុល្លារនៅមជ្ឈមណ្ឌលដេញថ្លៃ Christie នៃទីក្រុងឡុងដ៍របស់អង់គ្លេស។ ប្រការនេះបានធ្វើឲ្យអាជ្ញាធរអេហ្ស៊ីបមិនពេញចិត្តជាខ្លាំង ដោយ និយាយថារូបចម្លាក់នេះ គឺជាសម្បត្តិវប្បធម៌របស់អេហ្ស៊ីប ដែលត្រូវបានក្រុមចោរចូលលុកលុយតាមផ្នូរបុរាណៗលួចយកទៅ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT នៅរសៀលថ្ងៃសៅរ៍ ខែកក្កដា ឆ្នាំ២០១៩។
អាជ្ញាធរអេហ្ស៊ីបអះអាងថា រូបចម្លាក់ខាងលើត្រូវបានគេលួចកាលពីប៉ុន្មានទសវត្សរ៍មុន ហើយកន្លងមកក៏បានព្យាយាមទទូច ឲ្យលុបចោលការដេញថ្លៃនេះដែរ។ ដោយឡែកផ្ទះដេញថ្លៃដ៏ចំណាស់បំផុតមួយនៅលើពិភពលោក Christie បានឆ្លើយតបវិញ ថា ការលក់ដេញថ្លៃរូបចម្លាក់នេះអត់មានអ្វីដែលពុំត្រឹមត្រូវនោះទេ ហើយវាត្រូវបានដាក់តាំងអស់រយៈពេលជាយូរឆ្នាំមកហើយ ដោយពុំមានការតវ៉ាអ្វីឡើយ។ ការលក់ដេញថ្លៃរូបចម្លាក់ព្រះចៅផារ៉ាអុងអេហ្ស៊ីប បានប្រព្រឹត្តទៅតាមការគ្រោងទុកកាល ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និងត្រូវបានលក់ក្នុងតម្លៃ០៦លានដុល្លារ។
គួរជម្រាបថា អង់គ្លេសតែងមានភាពចម្រូងចម្រាសជារឿយៗ ពាក់ព័ន្ធនឹងវត្ថុបុរាណប្រវត្តិសាស្រ្ត ដែលខ្លួនបានមកអំឡុង សម័យ អង់គ្លេសនៅជាអាណាចក្រដ៏ខ្លាំងក្លាមួយ រួមមានជម្លោះជុំវិញចម្លាក់ Elgin Marbles ជាមួយក្រិច និងជម្លោះជុំវិញវត្ថុបុរាណដទៃ ៗ ទៀតជាមួយអេត្យូពីនិងនីហ្សេរីយ៉ា ជាដើម។
បញ្ហារូបចម្លាក់ខាងលើ មិនមែនជាវិវាទវត្ថុបុរាណទីមួយរវាង់ទីក្រុងគែរនិងទីក្រុងឡុងដ៍ឡើយ។ កាលពីឆ្នាំ២០១០ រដ្ឋាភិបាល អេហ្ស៊ីបក៏បានទាមទារឲ្យ អង់គ្លេសប្រគល់សិលាចារឹក Rosetta Stone ដែលត្រូវបានគេរកឃើញកាលពីឆ្នាំ១៧៩៩ ទៅវិញដែរ ខណៈវាកំពុង ស្ថិតក្នុងសារមន្ទីររបស់អង់គ្លេស។
សាកសពព្រះចៅផារ៉ាអុង Tutankhamun ត្រូវបានក្រុមបុរាណវិទូរកឃើញនៅឆ្នាំ១៩២២ ហើយម៉ាសមាសដ៏ល្បីដែលបំពាក់លើ ព្រះភក្រ្ភរបស់ទ្រង់ នៅពេលទ្រង់សោយទិវង្គតនោះ ត្រូវបានគេចាត់ទុកជា ស្នាដៃសិល្បៈដ៏វិសេសវិសាលបំផុតមួយ នៅលើ ពិភពលោក។ ម៉ាសមុខនេះ កំពុងស្ថិតនៅសារមន្ទីរអេហ្ស៊ីបក្នុងទីក្រុងគែរ៕