(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកមិនព្រមប្រគល់ យន្តហោះចម្បាំង F-35 ដែលទីក្រុងអង់ការ៉ាបានទិញទេនោះ វានឹងប្រៀបដូចជាទង្វើលួចប្លន់យ៉ាងដូច្នោះ។ នេះបើតាមសេចក្តី រាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតួកគី ចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមសេចក្តីរាយការណ៍របស់កាសែតតួកគី Hurriyet លោក អឺដូហ្គាន់ បានប្រាប់ក្រុមអ្នកសារព័ត៌មាន កំឡុងទស្សនកិច្ច នៅប្រទេសចិនដូច្នេះថា «ប្រសិនបើអ្នកមានអតិថិជន ហើយអតិថិជននោះខិតខំដុតដៃដុតទូទាត់ការចំណាយជាខ្លាំង តើអ្នក អាចមិនប្រគល់ទំនិញឲ្យអតិថិជននោះម្តេចកើតទៅ? ទង្វើបែបនោះនឹងត្រូវគេហៅថា ការលួចការប្លន់ហើយ»។ លោក អឺដូហ្គាន់ បានបន្ថែមទៀតថា តួកគីមានកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 សរុបទាំងអស់១១៦គ្រឿង ហើយប្រទេសលោកមិន ត្រឹមជាអតិថិជនប៉ុណ្ណោះទេ តែក៏ជាអ្នកចូលរួមផលិតផលដែរ ដោយផ្នែកខ្លះៗត្រូវបានផលិតឡើងនៅតួកគី។

បើតាមលោក អឺដូហ្គាន់ មកទល់ពេលនេះ តួកគីបានចំណាយលុយ១.៤ពាន់លានដុល្លារ សម្រាប់ការទិញយន្តហោះចម្បាំង F-35 ខណៈ០៤គ្រឿងទើបត្រូវបានប្រគល់មកឲ្យតួកគី ប៉ុន្តែនៅលើទឹកដីអាមេរិកនៅឡើយទេ ព្រោះពីឡុតតួកគីត្រូវបានបញ្ជូនទៅឲ្យ ហាត់រៀននៅសហរដ្ឋអាមេរិក។ យ៉ាងណាមិញកន្លងមកនេះ ក៏មានសេចក្តីរាយការណ៍ថា អាមេរិកបានផ្អាកមិនឲ្យពីឡុតតួកគី បន្តការហ្វឹកហ្វឺនផងដែរ។

គួរជម្រាបថា បញ្ហាខាងលើបានកើតឡើង ដោយសារតែតួកគីបានសម្រេចទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់ ប្រទេសរុស្ស៊ី ដែលនឹងត្រូវប្រគល់មកដល់ទឹកដីតួកគីក្នុងពេលឆាប់ៗនេះហើយ។ សហរដ្ឋអាមេរិកបានជំទាស់ខ្លាំងចំពោះការទិញនេះ ដោយសារតែវានឹងប៉ះពាល់ដល់យន្តហោះចម្បាំង F-35 របស់ខ្លួន ពោលគឺមួយជាប្រព័ន្ធសម្រាប់បាញ់ទម្លាក់គោលដៅនៅលើផ្ទៃអាកាសរបស់រុស្ស៊ី និងមួយទៀតជាសព្វាវុធចម្បាំង លើ ផ្ទៃអាកាសរបស់អាមេរិក ដែលជាក់ស្តែងវត្ថុទាំងពីរមិនអាចត្រូវគ្នាឡើយ ដូច្នោះគឺអាមេរិកមិនអាចឲ្យ S-400 និង F-35 ស្ថិតក្នុងដៃតួកគី ជាមួយគ្នាដាច់ខាត៕