(អាមេរិក)៖ ក្រោយការប្រកាសចែកផ្លូវគ្នាកាលពីដើមឆ្នាំនេះ ទីបំផុតកំពូលមហាសេដ្ឋីលេខមួយលើលោក គឺ លោក Jeff Bezos និងភរិយាគឺលោកស្រី MacKenzie Bezos បានលែងលះគ្នាជាផ្លូវការហើយ ក្រោយស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍ដែលមានរយៈពេល ២៥ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩។
នាថ្ងៃសុក្រសប្តាហ៍នេះ ចៅក្រមម្នាក់នៅទីក្រុង Seattle បានសម្រេចចុះហត្ថលេខាលើសេចក្តីបង្គាប់មួយ ដែលទទួលស្គាល់ ការ លែងលះគ្នារវាងលោក Jeff Bezos និងលោកស្រី MacKenzie ជាផ្លូវការ។ ប្រការនេះនឹងបើកផ្លូវឲ្យលោកស្រី MacKenzie ចាប់ ផ្តើមទទួល បានចំណែកភាគហ៊ុន០៤ភាគរយរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំបំផុត Amazon.com Inc ដែលស្មើនឹង៣៨.៣ពាន់លានដុល្លារ ខណៈលោក Bezos នៅតែគ្រប់គ្រងលើភាគហ៊ុនប្រមាណ១២ភាគរយ ដែលស្មើនឹង១១៤.៨ពាន់លានដុល្លារ ហើយបន្តតំណែង ជាកំពូលមហាសេដ្ឋីមានទ្រព្យច្រើនជាងគេ នៅលើពិភពលោកដដែល។
កាលពីខែមេសាកន្លងទៅ លោកស្រី MacKenzie វ័យ៤៩ឆ្នាំ បានប្រកាសថា លោកស្រីសុខចិត្តប្រគល់ចំណែករបស់លោកស្រី ទាំងអស់ ដែលមានក្នុងស្ថាប័នសារព័ត៌មាន Washington Post និងក្រុមហ៊ុនអវកាស Blue Origin ឲ្យលោក Jeff Bezos ដែល មានវ័យ៥៥ឆ្នាំ។ កាលពីខែឧសភា លោកស្រី MacKenzie ក៏បានសន្យាបរិច្ចាគទ្រព្យសម្បត្តិជាងពាក់កណ្តាលដែលបានមកពី ការ លែងលះជាមួយលោក Jeff Bezos ទៅក្នុងមូលនិធិសប្បុរសធម៌ Giving Pledge ដែលផ្តួចផ្តើមឡើងកាលពីឆ្នាំ២០១០ផងដែរដោយមហាសេដ្ឋីលោក Warren Buffett និងសហស្ថាបនិកក្រុមហ៊ុន Microsoft Corp គឺមហាសេដ្ឋី លោក Bill Gates៕