(ហ្សឺណែវ)៖ បើតាមមន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា វេណេស៊ុយអេឡាបានដោះ លែងមនុស្សសរុប២២នាក់ទៀត ក្នុងនោះរួមមានចៅក្រមលោកស្រី Maria Afiuni និងអ្នកកាសែតលោក Braulio Jatar។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានច Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩។
បើតាមលោកស្រី Michelle Bachelet ដែលជាឧត្តមស្នងការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សរបស់ UN និស្សិតចំនួន២០នាក់ ក៏ស្ថិត ក្នុងចំណោមបុគ្គលដែលត្រូវបានអាជ្ញាធរវេណេស៊ុយអេឡាដោះលែង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ។ លោកស្រី Bachelet បានថ្លែងស្វាគមន៍ការដោះលែងទាំងនេះ ដោយរួមមានទាំងការដោះលែងមនុស្ស៦២នាក់ កាលពីខែមិថុនាផងដែរ ដោយថាវាគឺជាសញ្ញាវិជ្ជមានមួយ នៅក្នុងបញ្ហាសិទ្ធិមនុស្សជាច្រើនរបស់ប្រទេសវេណេស៊ុយអេឡា។
លោកស្រី Afiuni ត្រូវបានដាក់ពន្ធនាគារ បន្ទាប់ពីអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Hugo Chavez បានរិះគន់លើ សេចក្តីសម្រេចមួយរបស់លោកស្រី ស្តីពីការដោះលែងអ្នកជំនួញម្នាក់គឺលោក Eligio Cedeno ដែលបានរងការចោទប្រកាន់ ពីបទពុករលួយ។ លោកស្រី Afiuni ត្រូវបានរដ្ឋអាជ្ញាវេណេស៊ុយអេឡាចោទប្រកាន់ថា បានទទួលសំណូកដើម្បីដោះលែង លោក Cedeno។ ចំណែកលោក Jatar ដែលបានជាប់ពន្ធនាគារនៅកោះ Margarita របស់វេណេស៊ុយអេឡា ត្រូវបានចាប់ខ្លួន បន្ទាប់ពីផ្សព្វផ្សាយការតវ៉ាមួយប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងត្រូវបានចោទប្រកាន់ពី បទលាងលុយកខ្វក់កាលពីខែកញ្ញា ឆ្នាំ២០១៦។ ដោយឡែក វាមិនច្បាស់នោះទេថា តើមូលហេតុអ្វី បានជានិស្សិត២០នាក់ ត្រូវជាប់ឃុំឃាំង។
គួរជម្រាបថា ដំណឹងខាងលើនេះ បានកើតមានឡើង បន្ទាប់ពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN បានធ្វើការតស៊ូមតិដេញដោល លើ របាយការណ៍របស់លោកស្រី Bachelet ស្តីពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់វេណេស៊ុយអេឡា កាលពីខែមិថុនា។ បើតាមអ្នកនាំពាក្យ ម្នាក់ កាលនោះ លោកស្រី Bachelet បានស្នើសុំឲ្យមានការដោះលែងមនុស្សទាំង២២នាក់នេះ ដោយផ្ទាល់ទៅកាន់ លោក ម៉ាឌូរ៉ូ៕