(តេហេរ៉ង់)៖ មន្រ្តីយោធាជាន់ខ្ពស់ម្នាក់នៃកងការពារបដិវត្តន៍អ៊ីរ៉ង់គឺ លោក Mohsen Rezai នាថ្ងៃសុក្រនេះ បានគំរាមថា អ៊ីរ៉ង់គួរតែរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿងវិញ ដើម្បីជាការសងសឹកចំពោះការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ នៅតំបន់ Gibraltar ដោយកងម៉ារីនអង់គ្លេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយ ប់ថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។

លោក Rezai បានព្រមានយ៉ាងដូច្នេះថា «ប្រសិនបើអង់គ្លេសនៅតែមិនព្រមដោះលែងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ទេនោះ វាគឺជាភារកិច្ចរបស់អាជ្ញាធរអ៊ីរ៉ង់ ក្នុងការរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់គ្លេសវិញ»។ កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ឈ្មោះថា Grace 1 ត្រូវបានកងម៉ារីនអង់គ្លេសឃាត់ទុកនៅច្រកសមុទ្រ Gibraltar ដែលស្ថិតនៅចន្លោះប្រទេសអេស៉្បាញ និងម៉ារុក ខណៈអង់គ្លេសមានដែនរដ្ឋបាលមួយនៅតំបន់នោះឈ្មោះថា Gibraltar ដែលនៅភាគខាងត្បូងអេស៉្បាញ។

គួរជម្រាបថា ការរឹបអូសនេះធ្វើឡើង ក្រោមការសង្ស័យថា កប៉ាល់ខាងលើមានដឹកប្រេងឆៅអ៊ីរ៉ង់ដើម្បីឆ្ពោះទៅស៊ីរី ខណៈរដ្ឋាភិបាលអ៊ីរ៉ង់បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស ដើម្បីសម្តែងការតវ៉ានិងថ្កោលទោសទង្វើនេះ ព្រមទាំងអះអាងថា កប៉ាល់របស់ខ្លួនពុំបានល្មើសនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុបឡើយ ហើយទាមទារឲ្យមានការដោះលែងវិញជាបន្ទាន់។ បញ្ហានេះប្រាកដណាស់ នឹងធ្វើឲ្យភាពតានតឹងរវាងអ៊ីរ៉ង់ និងលោកខាងលិច កាន់តែឡើងកម្តៅខ្លាំងថែមទៀត៕