(សេអ៊ូល)៖ ប្រជាជនកូរ៉េខាងត្បូងមួយក្រុមនាថ្ងៃសុក្រនេះ បានសម្តែងការតវ៉ានិងប្រកូកប្រកាសឲ្យធ្វើពហិការចំពោះផលិតផល របស់ប្រទេសជប៉ុន ដើម្បីឆ្លើយតបចំពោះការដាក់កំហិតរបស់ជប៉ុនលើការនាំចេញមកកាន់ក្រុមហ៊ុនកូរ៉េខាងត្បូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។
ដោយប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខស្ថានទូតជប៉ុនក្នុងទីក្រុងសេអ៊ូល ក្រុមបាតុករទាំងនោះ ដែលមកពីសមាគមផ្សារទំនើបកូរ៉េ ដែលមានសមាជិកសរុបប្រមាណ១០០,០០០នាក់នៅទូទាំងប្រទេស បានស្រែកថា ពួកគេនឹងឈប់ទិញក៏ដូចជាលក់ផលិតផលជប៉ុនទៀតហើយ។ លោក Kim Sung-min ដែលជាប្រធានសមាគម បានប្រាប់សារព័ត៌មាន CNA ថា ពួកគេនឹងបន្តចលនាពហិការផលិតផលជប៉ុន រហូតទាល់តែទីក្រុងតូក្យូសម្រេចលុបចោលការដាក់កំហិតនេះវិញ។
គួរជម្រាបថា កូរ៉េខាងត្បូងនិងជប៉ុន មិនសូវមានទំនាក់ទំនងល្អនឹងគ្នា ដោយសារតែបញ្ហាវិវាទផ្នែកប្រវត្តិសាស្រ្ត ព្រោះតែជប៉ុនធ្លាប់ដាក់អាណានិគមលើកូរ៉េខាងត្បូងអស់រាប់ទសវត្សរ៍។ តួយ៉ាងដូចជា បញ្ហាស្រ្តីកូរ៉េខាងត្បូង ដែលត្រូវកងទ័ពជប៉ុនបង្ខិតបង្ខំឲ្យធ្វើជាទាសករផ្លូវភេទ។ រីឯពេលថ្មីៗនេះវិញ ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនឡើងកម្តៅដោយសារតែសេចក្តីសម្រេចរបស់តុលាការកំពូលកូរ៉េខាងត្បូង កាលពីឆ្នាំមុន ដែលបង្គាប់ឲ្យក្រុមហ៊ុនជប៉ុន ផ្តល់សំណងដល់ជនរងគ្រោះកូរ៉េខាងត្បូង ពាក់ព័ន្ធការធ្វើពលកម្មដោយបង្ខំកាលអំឡុងសម័យសង្រ្គាម ក្រោមអាណានិគមរបស់ជប៉ុន។
យ៉ាងណាមិញ ជប៉ុនមិនទទួលយកការសម្រេចនេះឡើយ ដោយថាបញ្ហានៃការផ្តល់សំណងទាំងអស់ គឺត្រូវបានដោះស្រាយចប់រួចរាល់អស់ហើយ កាលពីឆ្នាំ១៩៦៥ នៅពេលភាគីទាំងពីរបានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាធម្មតាជាមួយគ្នាឡើងវិញ។ ទីក្រុងតូក្យូបានបញ្ជាក់ទៀតថា ខ្លួនក៏ពុំមានកាតព្វកិច្ចអ្វី ត្រូវផ្តល់សំណងបន្ថែមទៀតដែរ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ជប៉ុនបានប្រកាសពីការដាក់កំហិតផ្នែកពាណិជ្ជកម្មលើក្រុមហ៊ុនកូរ៉េខាងត្បូង ជុំវិញការនាំចេញវត្ថុធាតុដើមសំខាន់ៗបីមុខ ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប និងស្មាតហ្វូន មកកាន់កូរ៉េខាងត្បូង។ ប្រការនេះបានបង្កផលប៉ះពាល់ជាខ្លាំងដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់កូរ៉េខាងត្បូង ដូចជា Samsung និង LG ជាដើម។ ទីក្រុងសេអ៊ូលបានទទូចឲ្យជប៉ុនបញ្ឈប់ការដាក់កំហិត ដែលត្រូវបានចាប់ផ្តើមអនុវត្តន៍កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះវិញជាបន្ទាន់ ព្រោះបើមិនដូច្នោះទេ កូរ៉េខាងត្បូងនឹងត្រូវបង្ខំចិត្តចាត់វិធានការឆ្លើយតបវិញ ខណៈជប៉ុនបានលើកឡើងថា វាជាចំណាត់ការដែលធ្វើឡើងក្រោមហេតុផលសន្តិសុខជាតិ៕