(សៀងហៃ)៖ តុលាការមួយក្នុងទីក្រុងសៀហៃ នៅថ្ងៃសុក្រនេះ បានសម្រេចចិត្តរក្សាទុកជាបាន ការដដែល នូវទោសប្រហារជីវិតលើបុរសម្នាក់ ដែលបានសម្លាប់ប្រពន្ធខ្លួនឯង ដោយកាត់សព ញាត់ដាក់ចូលទុកក្នុងទូទឹកកក អស់រយៈពេលជាង៣ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។
ការសម្រេចចិត្តខាងលើធ្វើឡើង ដោយតុលាការប្រជាជនជាន់ខ្ពស់ក្រុងសៀងហៃ ដែលបានទាត់ ចោលបណ្ដឹងឧទ្ធរណ៍របស់ពិរុទ្ធជន ឈ្មោះ Zhu Xiaodong ប្រឆាំងនឹងសាលក្រមផ្ដន្ទាទោស ប្រហារជីវិតទទួលស្គាល់ពីតុលាការកំពូលប្រជាជនចិន ចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៨។
បន្ថែមពីលើនេះ តុលាការថែមទាំងបញ្ជាក់ទៀតផងថាលោក Zhu Xiaodong មានអាយុ ៣២ឆ្នាំ មិនគួរត្រូវបានបន្ធូរបន្ថយទោសជាដាច់ខាត បើទោះជារូបគេប្រគល់ខ្លួនឱ្យប៉ូលិសដោយខ្លួនឯង ក៏ដោយ ដ្បិតពិរុទ្ធជនរូបនេះមិនបានបង្ហាញពីវិប្បដិសារីពិតប្រាកដ ឬក៏ទទួលស្គាល់ថាខ្លួនបាន សម្លាប់មនុស្សគិតទុកជាមុននោះទេ។
គួររំលឹកថា លោក Zhu Xiaodong បានសម្លាប់ និងកាត់សពប្រពន្ធខ្លួនឈ្មោះ Yang Liping ជាបំណែកៗ កំឡុងពេលឈ្លោះទាស់ទែងគ្នាក្នុងផ្ទះរបស់ពួកគេ នៅឯតំបន់ Hongkou នៃទីក្រុង សៀងហៃកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦។ ពោលគឺតែជាងមួយឆ្នាំប៉ុណ្ណោះ ក្រោយអ្នកទាំង ពីរបានរៀបការនឹងគ្នា។
ក្រោយសម្លាប់ប្រពន្ធរួច លោក Zhu បានរុំសពប្រពន្ធ និងយកទៅដាក់ទុកក្នុងទូរទឹកកកអស់រយៈពេល៣ខែ ជាពេលដែលរូបគេបានយកលុយប្រពន្ធ ២២,០០០ដុល្លារ ទៅដើរលេងផឹកស៊ីយ៉ាង សប្បាយ។ ម្យ៉ាងវិញទៀត ដើម្បីបិទបាំងបទឧក្រិដ្ឋ ជននេះបានប្រើប្រាស់គណនី WeChat ប្រពន្ធរបស់ខ្លួន ផ្ញើសារទៅទូរស័ព្ទដៃអ្នកផ្ទះ និងមិត្តភក្តិខាងប្រពន្ធ។ ប៉ុន្តែនៅទីបំផុត លោក Zhu បានសម្រេចចិត្តប្រាប់ក្រុមគ្រួសារពីរឿងសម្លាប់ប្រពន្ធខ្លួនឯង ហើយបានប្រគល់ខ្លួនឱ្យ ប៉ូលិស នៅខែកុម្ភៈ ឆ្នាំ២០១៧៕