Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យន្តហោះអង់គ្លេសដឹកមនុស្សជាង២០០នាក់ «ចុះចតយ៉ាងទាន់ហន់ដោយសារផ្ទុះឆេះ Power Bank»

05-07-2019 15:00

(ឡុងដ៍)៖ យន្តហោះអ្នកដំណើរមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស វើជីនអាត្លង់ទិក (Virgin Atlantic) ដែលមានគោលដៅហោះហើរពីទីក្រុងញូយ៉ក ឆ្ពោះមកកាន់ទីក្រុងឡុងដ៍ ត្រូវបង្ខំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន បូស្តុនឡូហ្គេន (Boston Logan) ក្នុងរដ្ឋ ម៉ាស្សាជូសេតស៍ (Massachusetts) របស់សហរដ្ឋអាមេរិក ដោយសារមានភ្លើងឆេះលើយន្តហោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមកម្លាំងប៉ូលិសប្រចាំរដ្ឋ Massachusetts អគ្គិភ័យខាងលើទំនងជាត្រូវបានបង្កឡើង ដោយឧបករណ៍សាកថ្មទូរស័ព្ទមួយ គ្រឿងដែលអាចមានបញ្ហា តែវាត្រូវបានក្រុមបុគ្គលិកនៅលើយន្តហោះប្រភេទ Airbus A330 នោះនាំគ្នាពន្លត់ដោយជោគជ័យ។ អ្នកដំណើរទាំងអស់គឺ ២១៧នាក់ ត្រូវបានជម្លៀសចេញពីលើយន្តហោះ បន្ទាប់ពីយន្តហោះនោះបានចុះចតជាបន្ទាន់នៅឯទីក្រុង Boston។ យ៉ាងណាមិញពុំមានមនុស្សទទួលរងរបួសឡើយ។

គួរជម្រាបថា នៅមុនករណីខាងលើក្នុងថ្ងៃជាមួយគ្នា គឺថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍អាមេរិក American Airlines ក៏បានចុះចតបន្ទាន់នៅអាកាសយានដ្ឋាន Boston Logan ដែរ ក្រោយហោះចេញពីទីក្រុង ឈីកាហ្គោ (Chicago) ខណៈពីឡុតមើលឃើញមានភ្លើងសញ្ញា បង្ហាញភាពមិនប្រក្រតីលើយន្តហោះ៕