(អ៊ីស្ដង់ប៊ូល)៖ សារព័ត៌មានតួកគី ហេប៊ឺធើក (Haberturk) បានរាយការណ៍ថា ប្រព័ន្ធមីស៊ីល S-400 ដំបូងដែលទីក្រុងអង់ការ៉ាបានបញ្ជាទិញពីរុស្ស៊ី នឹងត្រូវបានលើកដាក់យន្ដហោះដឹកជញ្ជូន នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ហើយអាចនឹងទៅដល់តួកគី នៅសប្ដាហ៍ក្រោយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។
ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានព្រមានថា ទណ្ឌកម្មអាមេរិកនឹងត្រូវអនុវត្តនៅពេល S-400 ទៅដល់ ទឹកដីតួកគីភ្លាម។ ប៉ុន្តែតួកគីដែលជាសមាជិកអង្គការណាតូដែរនោះ នៅតែប្រកាន់ជំហរទិញប្រព័ន្ធមីស៊ីលនេះដដែល។ ចំណែកឯសារព័ត៌មាន Haberturk ដោយមិនបានបញ្ជាក់ពីប្រភព ដែលខ្លួនទទួលបានបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធមីស៊ីល S-400 ដំបូងនឹងត្រូវបញ្ជូនតាមយន្ដហោះដឹកជញ្ជូន ០២គ្រឿង ចេញពីមូលដ្ឋានយោធារុស្ស៊ីមួយកន្លែង ហើយក្រុមអ្នកបច្ចេកទេសរុស្ស៊ី ក៏នឹងត្រូវចូលរួមពិនិត្យការដំឡើង S-400 នៅដែលពេលវាទៅដល់ តួកគីនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងតួកគីមានបញ្ហារហូតដល់មើលមុខគ្នាមិនចំ ក្រោយទីក្រុងអង់ការ៉ាទិញ S-400 ដែលទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា មិនសក្តិសម និងអាចបំផ្លាញដល់យុទ្ធសាស្ត្រការពារដែនអាកាសរបស់ណាតូ។ មិនតែប៉ុណ្ណោះ បើតួកគីនៅតែចចេសទិញប្រព័ន្ធមីស៊ីលរុស្ស៊ីនេះឱ្យទាល់តែបាន នោះសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមដាក់ទណ្ឌកម្ម ក្នុងនោះរួមមានទាំងការដកតួកគី ចេញពីគម្រោងអភិវឌ្ឍន៍យន្ដហោះចម្បាំងបំបាំងកាយ F-35 និងលុបចោលការលក់ យន្ដហោះចម្បាំងនេះតែម្ដង៕