(តេហេរ៉ង់)៖ ទីក្រុងតេហេរ៉ង់បានលើកឡើងថា ទង្វើរបស់ចក្រភពអង់គ្លេស ដែលបានរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅឯច្រកសមុទ្រជីប្រាល់តា (Gibraltar) គឺជាប្រៀបដូចជាសកម្មភាពពួកចោរសមុទ្រយ៉ាងដូច្នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការបរទេសអ៊ីរ៉ង់បានកោះហៅឯកអគ្គរាជទូតអង់គ្លេស ឲ្យមកបកស្រាយបន្លឺជុំវិញបញ្ហានេះ។ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោស និងចាត់ទុកទង្វើនេះជារឿងខុសច្បាប់ និងទាមទារឲ្យដោះលែងកប៉ាល់ ដឹកប្រេងនោះវិញជាបន្ទាន់។ នាឱកាសនោះ អ៊ីរ៉ង់ក៏បានប្រគល់ឯកសារដែលបញ្ជាក់ថា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ពុំបានប្រព្រឹត្តផ្ទុយពីទណ្ឌកម្មអន្តរជាតិឡើយ ខណៈឯកអគ្គរាជទូតអ៊ីរ៉ង់ បានអះអាងថា នឹងពាំនាំការតវ៉ានេះទៅដល់រដ្ឋាភិបាលអង់គ្លេស។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរប្រចាំដែនរដ្ឋបាលរបស់អង់គ្លេស Gibraltar និងកងម៉ារីនអង់គ្លេស បានរឹបអូសកប៉ាល់ដឹកប្រេងខាងលើរបស់អ៊ីរ៉ង់ ដោយចោទប្រកាន់ថា កប៉ាល់នោះមានគោលដៅដឹកប្រេងពីអ៊ីរ៉ង់ទៅកាន់ស៊ីរី ដោយល្មើសនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបានដាក់មកលើទីក្រុងតេហរ៉ង់។ សហរដ្ឋអាមេរិក ក៏បានចេញមុខស្វាគមន៍ចំណាត់ការរបស់អង់គ្លេសផងដែរ៕