(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ប្រទេសលោកមិនចង់ឲ្យផុងខ្លួនធ្លាក់ក្នុងការរត់ប្រណាំងសព្វាវុធថ្មីទៀតឡើយ ប៉ុន្តែរុស្ស៊ីក៏ចាំបាច់ត្រូវការពារខ្លួនឯងដែរ ជាពិសេសពីសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអ៊ីតាលី Corriere della Sera លោក ពូទីន បានលើកឡើងថា អាមេរិកមានកញ្ចប់ថវិកាដល់ទៅជាង៧០០ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ ខណៈរុស្ស៊ីមានត្រឹម៤៨ពាន់លានដុល្លារប៉ុណ្ណោះ។ លោកប្រធានាធិបតីរុស្ស៊ី បានបន្តថា ហេតុដូច្នេះហើយ ទើបប្រទេសរុស្ស៊ី ត្រូវតែខិតខំអភិវឌ្ឍន៍បរិក្ខាយោធា និងសព្វាវុធទំនើបៗ គឺដើម្បីឆ្លើយតបនឹងកំណើននៃទំហំថវិកាយោធា និងសកម្មភាពប្រកបដោយគ្រោះថ្នាក់របស់អាមេរិក។

លោក ពូទីន បានសង្កត់ធ្ងន់ថា មិនរុស្ស៊ីទេ តែសហរដ្ឋអាមេរិក ដែលជាអ្នកបានបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិ តាមរយៈការដើរចេញពីសន្ធិសញ្ញាគ្រប់គ្រងសព្វាវុធសំខាន់ៗ រួមមានសន្ធិសញ្ញាពាក់ព័ន្ធប្រភេទមីស៊ីលដែលប្រឆាំងមីស៊ីលផ្លោង កាលពីឆ្នាំ២០០២ និងសន្ធិសញ្ញា INF ដែលដាក់កំហិតលើមីស៊ីលសម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅឆ្នាំនេះ ជាដើម។ បើតាមលោក ពូទីន ទីក្រុងវ៉ាស៊ីនតោន ក៏ទំនងជាចង់ឲ្យសន្ធិសញ្ញាដ៏សំខាន់មួយទៀតហៅថា New START ផុតសុពលភាពបាត់ទៅដែរ៕