(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាសអ៊ីស្រាអែល SpaceIL កាលពីសប្តាហ៍មុនបានប្រកាសថា ខ្លួននឹងមិនចេញបេសកកម្មថ្មី ឆ្ពោះទៅកាន់ឋានព្រះច័ន្ទជាលើកទីពីរឡើយ ដែលវាផ្ទុយពីការប្រកាសភ្លាមៗក្រោយយានអវកាស Beresheet ធ្លាក់កំឡុងពេលព្យាយាម ចុះចតទៅលើផ្ទៃព្រះច័ន្ទកាលពីថ្ងៃទី១១ ខែមេសាកន្លងទៅ។ ជាមួយគ្នានេះក៏មានការប្រែប្រួល នៅតាមក្រុមហ៊ុនអវកាសដទៃទៀត ដែលកំពុងអភិវឌ្ឍន៍ ឬកន្លងមកធ្លាប់បានអភិវឌ្ឍន៍យាន សម្រាប់ទៅចុះលើឋានព្រះច័ន្ទផងដែរ។ នេះបើតាមការចេញផ្សាយដោយ Space News នាថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។
កាលពីថ្ងៃទី២៥ ខែមិថុនា ក្រុមហ៊ុន SpaceIL បានបង្ហោះសារលើបណ្តាញ Twitter ឲ្យដឹងថា ក្រុមហ៊ុននឹងលែងទៅឋានព្រះច័ន្ទហើយ ព្រោះថាបេសកកម្មរបស់ Beresheet ទៅកាន់ទីនោះ អាចចាត់ទុកថាជារឿងជោគជ័យ និងជាការបំបែកកំណត់ត្រាមួយទៅហើយ។ ផ្ទុយទៅវិញ ក្រុមហ៊ុន SpaceIL នឹងផ្តោតទៅលើគោលដៅផ្សេងវិញ សម្រាប់បេសកកម្ម Beresheet 2.0។
កាលពីខែមុន ក្រុមហ៊ុនអវកាសឥណ្ឌា Team Indus ដែលធ្លាប់បានប្រកួតប្រជែងក្នុងព្រឹត្តិការណ៍មានឈ្មោះថា Google Lunar X Prize ឬ GLXP ដែលជាការប្រជែងគ្នាអភិវឌ្ឍន៍ និងបញ្ជូនយានអវកាសឲ្យចុះទៅលើផ្ទៃព្រះច័ន្ទនោះ ក៏បានសម្រេចលុបចោល គម្រោងអភិវឌ្ឍន៍យានអវកាស សម្រាប់ទៅឋានព្រះច័ន្ទចោលវិញដែរ។
ចំណែកក្រុមហ៊ុនអវកាសមួយទៀតរបស់អាល្លឺម៉ង់ឈ្មោះថា PTScientists ដែល ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ GLXP ដូចគ្នា កាលពីខែមិថុនា បានប្រកាសពន្យារពេលការបាញ់បង្ហោះយានរបស់ខ្លួនទៅ កាន់ឋានព្រះច័ន្ទ ដោយលើកពីកាលបរិច្ឆេទចាស់គឺអំឡុងចុងឆ្នាំ២០១៩ ឬនៅឆ្នាំ២០២០ ទៅដល់ត្រីមាសទី០៣ឬទី០៤ នៃឆ្នាំ២០២១វិញ។
គួរជម្រាបថា ព្រឹត្តិការណ៍ Google Lunar X Prize គឺជាព្រឹត្តិការណ៍ប្រកួតប្រជែងវិស័យអវកាស ដែលបានចាប់ផ្តើមឡើងកាលពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៨ ក្រោមការរៀបចំរបស់មូលនិធិ X Prize Foundation និងការឧបត្ថម្ភរបស់ក្រុមហ៊ុន Google។ គោលដៅនៃការប្រកួត គឺតម្រូវឲ្យក្រុមហ៊ុនដែលចូលរួម ធ្វើយ៉ាងណាប្រជែងគ្នាក្លាយខ្លួនជាក្រុមដំបូងគេ ដែលអាចបញ្ជូន យានអវកាសឲ្យទៅចុះដល់លើផ្ទៃព្រះច័ន្ទ ហើយធ្វើដំណើរឲ្យបានចម្ងាយយ៉ាងតិច ៥០០ម៉ែត្រ រួចបាញ់បញ្ជូនរូបភាព និងវីដេអូក្នុងកម្រិតច្បាស់ HD ត្រឡប់មកផែនដីវិញ។
កាលពីខែមករា ឆ្នាំ២០១៨ មូលនិធិ X Prize Foundation បានប្រកាសថា មិនមានក្រុមណាអាចសម្រេចគោលដៅនេះ តាមកាលកំណត់គឺនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ បានឡើយ ដូច្នេះរង្វាន់ជាទឹកសរុបគឺ ៣០លានដុល្លារក៏មិនអាចរកម្ចាស់ឃើញ។ យ៉ាងណាមិញ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ មូលនិធិ X Prize Foundation បានប្រកាសថា នឹងបន្តព្រឹត្តិការណ៍នេះក្នុងនាមជាការប្រកួតដោយពុំមានប្រាក់រង្វាន់។
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ យានអវកាស Beresheet របស់ក្រុមហ៊ុនអវកាសអ៊ីស្រាអែល SpaceIL បានធ្លាក់ទៅបុកផ្ទៃព្រះច័ន្ទកំឡុងពេលព្យាយាមចុះចត។ ក្រុមហ៊ុន SpaceIL ក៏ទទួលបានរង្វាន់លើកទឹកចិត្តហៅថា «Moonshot» ដែលមានទឹកប្រាក់មួយលានដុល្លារពីមូលនិធិ X Prize Foundation ក្នុងការទទួលស្គាល់ថា យានរបស់ SpaceIL បានចុះទៅប៉ះនឹងផ្ទៃព្រះច័ន្ទ ទោះបីចុះចតបរាជ័យក៏ដោយ៕