(ប៉េកាំង)៖ កញ្ចក់បុរាណធ្វើពីលង្ហិនមានអាយុកាល ២,០០០ឆ្នាំ ជាមួយរូបភាពអ្នកប្រាជ្ញចិន ខុងជឺ ត្រូវបានគេយកទៅដាក់តាំងបង្ហាញជាសាធារណៈ នៅក្នុងសារមន្ទីរប្រចាំខេត្តជាំងស៊ី (Jiangxi) ភាគខាងកើតប្រទេសចិននៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។
នេះគឺជាលើកដំបូងបំផុតដែលកញ្ចក់បុរាណនេះ ត្រូវបានដាក់តាំងបង្ហាញជាសារធារណៈ ចាប់តំាងពីក្រុមអ្នកបុរាណវិទ្យាចិនរកឃើញចេញវាពីផ្នូរស្ដេច ហៃហាន់ (Marquis of the Haihun) នៃរាជវង្សហានភាគខាងលិចដែលមានអាយុកាលជាង ២,០០០ឆ្នាំ។ កញ្ចក់នេះមានទំហំ ៦០សង់ទីម៉ែត្រ និងមានខ្ពស់ពី ៧០-៨០សង់ទីម៉ែត្រ ហើយថែមទាំងមានអក្សរចំនួន ១,៨៥០តួ នៅលើផ្ទាំងរូបភាពនៃកញ្ចក់ក្នុងនោះ មានទាំងឈ្មោះអ្នកប្រាជ្ញាដ៏ល្បីល្បាញបំផុតរបស់ចិន ខុងជឺ និងវិន័យរបស់លោកផងដែរ។
គួរបញ្ជាក់ថា ផ្នូរស្ដេចហៃហាន់ (Marquis of the Haihun) គឺផ្នូរបញ្ចុះសពដ៏ធំមួយនៃសម័យរាជវង្សហានភាគខាងលិច ដែលគេមិនធ្លាប់បានរកឃើញពីមុនមក នៅក្នុងប្រទេសចិន។ បច្ចុប្បន្ន ក្រុមអ្នកបុរាណវិទ្យាបានធ្វើកំណាយ និងឃើញបំណែកវត្ថុបុរាណច្រើនជាង ១០,០០០បំណែក ចេញពីផ្នូរមួយនេះ ហើយការដាក់តាំងបង្ហាញនានានៅក្នុងសារមន្ទីរក្នុងខេត្ត Jiangxi ទទួលបាន ចូលអ្នកទស្សនា ១.៣៨លាននាក់ហើយ៕