(ម៉ុងត្រេអាល់)៖ លោកស្រី ម៉ារីក្លូដ ប៊ីប៊ីយ៉ូ (Marie-Claude Bibeau) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងកសិឧស្សាហកម្មរបស់ប្រទេសកាណាដា បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានា កាលពីថ្ងៃពុធសប្តាហ៍នេះថា កាណាដាកំពុងតែគ្រោងដាក់ចេញនូវផែនការ ដើម្បីធានាដល់ចិន អំពីសុខសុវត្តិភាពនៃការនាំចេញផលិតផលសាច់របស់ខ្លួន បន្ទាប់ពីប្រទេសនេះត្រូវបានចិនផ្អាក មិនឲ្យនាំចូលផលិតផលសាច់ជ្រូករបស់ខ្លួន ចូលក្នុងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ។

«យើងបានស្នើសុំផែនការមួយជាក់លាក់ (ពីភាគីខាងចិន) ជាមួយនឹងមានវិធានការបន្ថែម សម្រាប់ប្រព័ន្ធនាំចេញសាច់ ក្នុងគោលបំណងដើម្បីរឹតបន្តឹង និងបង្កើនការយល់ដឹង ដើម្បីឱ្យពួកគេ (ចិន) បើកទីផ្សារឡើងវិញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»។ នេះជាការលើកឡើងរបស់លោកស្រីរដ្ឋមន្ត្រី ប៊ីប៊ីយ៉ូ (Bibeau) បន្ទាប់ពីមានជំនួបតុមូលជាមួយនឹងមន្រ្តីពាក់ព័ន្ធរួចមក។

ប្រទេសចិនបានដាក់បំរាមបណ្តោះអាសន្ន ដល់ការនាំចូលផលិតផលសាច់ជ្រូក ពីប្រទេសកាណាដា បន្ទាប់ពីអាជ្ញាធរគយចិនបានរកឃើញថា មានសាធាតុគីមី (ractopamine) នៅក្នុងផលិតផលសាច់ជ្រូក ដែលនាំចូលពីប្រទេសអាមេរិកខាងជើងមួយនេះ។ ការស៊ើបអង្កេតជាបន្តបន្ទាប់មកទៀត ដោយអាជ្ញាធរចិនបានបង្ហាញថា វិញ្ញាបនប័ត្រសុខភាពសត្វ ដែលភ្ជាប់ទៅនឹងសាច់ជ្រូកនាំចេញទៅប្រទេសចិននោះទៀតសោត ក៏ក្លែងក្លាយទៀត ដែលមាន ១៨៨ករណីឯណោះ។

ជុំវិញបញ្ហាខាងលើនេះ ភាគីកាណាដាខ្លួនឯងផ្ទាល់ក៏គិតថា ហេតុការណ៍នេះគឺជាបទល្មើសព្រហ្មទណ្ឌដែរ។ នេះបើយោងតាមប្រភពព័ត៌មានពីស្ថានទូតចិន នៅទីក្រុងអូតារ៉ា។ លោកស្រីរដ្ឋមន្រ្តីកាណាដាបាននិយាយទៀតថា មិនមានពេលវេលាកំណត់ច្បាស់លាស់ សម្រាប់ដោះស្រាយបញ្ហាសាច់នេះនៅឡើយទេ។

ដោយឡែកសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយក្រសួងកាណាដា កាលពីថ្ងៃពុធបានឲ្យដឹងថា «ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករ និងរោងចក្រឧស្សាហកម្ម ដែលពាក់ព័ន្ធទាំងអស់ ដើម្បីស្តារទីផ្សារនាំចេញសាច់ជ្រូក ទៅប្រទេសចិនឡើងវិញឱ្យបានលឿនតាមដែលអាចធ្វើបាន»

គួរបញ្ជាក់ថា រដ្ឋាភិបាលកាណាដាទទួលស្គាល់ពីសារៈសំខាន់ នៃឧស្សាហកម្មសាច់ជ្រូក និងសាច់គោរបស់ខ្លួនដោយបានគូសបញ្ជាក់ថា ផលិតផលសាច់ជ្រូក និងសាច់គោមានតម្លៃរហូតដល់ ៦.៥ពាន់លានដុល្លារកាណាដា (ប្រហែល ៥ពាន់លានដុល្លារអាមេរិក) ត្រូវបាននាំចេញតែមួយឆ្នាំ២០១៨ កន្លងទៅនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកាណាដា លើគេហទំព័រផ្លូវការរបស់ខ្លួន៕