Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បិតាស្ថាបនិក Huawei៖ «ការសម្រេចចិត្តរបស់លោក ត្រាំ គឺដើម្បីតែផលប្រយោជន៍ក្រុមហ៊ុនអាមេរិក, Huawei នឹងប្រឹងខ្លួនឯងឲ្យប្រសើរឡើង» (Video inside)

04-07-2019 11:59

(ប៉េកាំង)៖ បិតាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei គឺលោក រិន ចេងហ្វ៊ៃ (Ren Zhengfei) បានអះអាងថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបន្ធូរបន្ថយបម្រាមពាណិជ្ជកម្ម ដែលត្រូវបានដាក់មកលើ Huawei នឹងពុំមានឥទ្ធិពលអ្វីធំដុំឡើយ ខណៈក្រុមហ៊ុនរបស់លោកបានចាប់ផ្តើមសម្របខ្លួន ទៅនឹងសម័យកាលថ្មី នៃឥរិយាបថចង់តែបង្កបញ្ហារបស់អាមេរិក។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Financial Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៩។

លោក Ren បានលើកឡើងដូច្នេះថា «ការសម្រេចចិត្តរបស់លោក ត្រាំ គឺល្អសម្រាប់ក្រុមហ៊ុនអាមេរិក ហើយក្រុមហ៊ុន Huawei ក៏ នៅតែចង់បន្តទិញផលិតផលបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិកដែរ។ ប៉ុន្តែយើងមើលមិនឃើញថា វាមានឥទ្ធិពលធំដុំប៉ុន្មានឡើយមកលើអ្វីដែលពួកយើងកំពុងធ្វើ ហើយយើងនឹងបន្តផ្តោតសំខាន់ លើការធ្វើការងាររបស់ខ្លួនឲ្យកាន់តែល្អ និងត្រឹមត្រូវ»

ក្នុងបទសម្ភាសន៍មួយផ្សេងទៀតជាមួយសារព័ត៌មាន Financial Times មុនការសម្រេចចិត្តខាងលើរបស់លោក ត្រាំ លោក Ren ក៏ធ្លាប់បានលើកឡើងដែរថា សហរដ្ឋអាមេរិកគឺកំពុងតែជួយក្រុមហ៊ុនលោក តាមរយៈការបង្កផលលំបាកទាំងនេះ ព្រោះថានៅក្រោមសម្ពាធពីខាងក្រៅ ក្រុមហ៊ុន Huawei កាន់តែមានភាពរឹងមាំខ្លាំងក្លាទៅវិញ ទោះត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី។

កាលនោះលោក Ren បានបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុន Huawei មិនត្រូវបានអនុញ្ញាតឲ្យបន្តប្រើប្រាស់ ផលិតផលបច្ចេកវិទ្យារបស់អាមេរិកទៀតទេនោះ លោកនៅតែជឿជាក់យ៉ាងមុតមាំថា Huawei នឹងនៅតែអាចប្រើប្រាស់គ្រឿងបន្លាស់ចាំបាច់ ដែលផលិតនៅក្នុងប្រទេសដទៃ ដែលជាពិសេសគឺនៅក្នុងប្រទេសចិនខ្លួនឯងផ្ទាល់។

គួរជម្រាបថា ពេលនេះរដ្ឋាភិបាលអាមេរិកបានចាប់ផ្តើមបើកចំហឲ្យក្រុមហ៊ុនអាមេរិក ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណសម្រាប់ការលក់ផលិតផលបច្ចេកវិទ្យាទូទៅ ដែលមិនប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិទៅឲ្យក្រុមហ៊ុនចិន Huawei បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចរឿងនេះក្រោយជំនួបជាមួយប្រធានាធិបតីចិន ស៊ីន ជិនពីង នៅទីក្រុងអូសាកា ប្រទេសជប៉ុន ដែលជាផ្នែកមួយនៃកិច្ចពិភាក្សាពាក់ព័ន្ធ ការដោះស្រាយសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សទាំងពីរ៕