(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) បានទទូចឲ្យសហរដ្ឋអាមេរិកវិលមករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA (កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥) វិញ ហើយចាប់ផ្តើមកិច្ចចរចាដោយសន្តិវិធី​ជាមួយប្រទេសអ៊ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។

លោក Rouhani បាននិយាយថា «យើងសូមផ្តល់អនុសាសន៍ឲ្យអឺរ៉ុប និងអាមេរិក ប្រកាន់យកវិធីសាស្រ្តដែលសមហេតុផលឡើងវិញ ក៏ដូចជាត្រឡប់មកចូលអង្គុយតុចរចា និងងាកមកយោគយល់គ្នាទៅវិញទៅមក ហើយគោរពច្បាប់អន្តរជាតិ និងប្រតិបត្តិ តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ»។ លោក Rouhani បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នៅតែមិនបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះឡើយ ហើយគោរពតាម ១០០ភាគរយ ដរាបណាប្រទេសហត្ថលេខីដទៃទៀតធ្វើយ៉ាងដូច្នោះដែរ។

គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដកសហរដ្ឋអាមេរិក​ចេញពីកិច្ចព្រមព្រៀងខាងលើកាលពីឆ្នាំមុន ហើយចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ ជាពិសេសលើវិស័យប្រេង។ ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងកម្តៅខ្លាំង កាលពីប៉ុន្មានខែចុងក្រោយនេះ នៅពេលមានករណីវាយប្រហារក្រុមកប៉ាល់ដឹកប្រេង នៅក្បែរចក្រសមុទ្រ ហ័រមូស (Hormuz) និងការបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍អាមេររិក ដោយយោធាអ៊ីរ៉ង់។ ម៉្យាងវិញទៀត កន្លងមកមេដឹកនាំអ៊ីរ៉ង់រួមមាន លោក Rouhani និងមេដឹកនាំកំពូលអ៊ីរ៉ង់ អាលីខាមេនៃ (Ali Khamenei) សុទ្ធតែមិនបានបង្ហាញឆន្ទៈចង់ចរចាជាមួយអាមេរិកឡើយ៕