(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងបន្តស្វែងរកដំណោះស្រាយ សម្រាប់ឧបករណ៍ខួងដីរបស់យាន InSight ដែលកំពុងស្ថិតនៅលើភពអង្គារ (Mars) ខណៈឧបករណ៍ដែលមានឈ្មោះក្រៅហៅថា «Mole» នោះបានជួបបញ្ហាលែងអាចដំណើរការបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។
ឧបករណ៍ខាងលើត្រូវបានអង្គការ NASA បញ្ចេញពីយាន InSight ដើម្បីដាក់ឲ្យខួងដីភពអង្គារ ក្រោមគោលដៅសិក្សាស្វែងយល់ ពីសណ្ឋានដីផ្នែកខាងក្រោមរបស់ភពក្រហមនេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ប៉ុន្តែមិនបានប៉ុន្មានផងវាក៏បានជាប់គាំង គឺរុលចុះក្រោមទៀតលែងរួច។ យ៉ាងណាមិញ កាលពីសប្តាហ៍មុនក្រុមការងាររបស់ NASA ក៏បានសម្រេចនូវដំណាក់កាលមួយ គឺការប្រើប្រាស់ដៃរ៉ូបូតរបស់ InSight ដោះគ្រឿងបរិក្ខាតូចៗក្នុងឧបករណ៍ខួងដីនោះចេញ ដើម្បីពិនិត្យមើលឲ្យកាន់តែច្បាស់ជាងមុន តើមូលហេតុមកពីអ្វី។
គួរជម្រាបថា ឧបករណ៍ខាងលើត្រូវបានអភិវឌ្ឍន៍ឡើង ដើម្បីឲ្យអាចខួងចូលដីបានយ៉ាងជ្រៅ ប៉ុន្តែបើតាមអង្គការ NASA វាបានខួងចុះទៅក្រោមដីភពអង្គារមិនជ្រៅជាង ៣០សង់ទីម៉ែត្រឡើយ។ NASA កំពុងសង្ស័យថា អាចមកពីសារធាតុដីរបស់ភពអង្គារ ឬអាចមកពីមានដុំថ្មធំមួយនៅក្រោមនោះ។ យាន InSight បានទៅដល់ភពអង្គារកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ និងមានគោលដៅចម្បង ក្នុងការសិក្សាពីស្រទាប់ផ្នែកខាងក្នុងរបស់ភពអង្គារ៕