(ញូវដេលី)៖ ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅរដ្ឋ ម៉ាហារាស្រ្តា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌាបានបង្កការបំផ្លិចបំផ្លាញខ្លាំង ហើយរហូតដល់រសៀលថ្ងៃពុធនេះ មនុស្សជាង ៣០នាក់ត្រូវបានគេសង្ស័យថា បានស្លាប់បាត់បង់ជីវិតអស់ទៅហើយ បន្ទាប់ពីផ្ទះសម្បែងជាច្រើនខ្នង បានត្រូវទឹកបាក់ទំនប់បោកបក់យកទៅបាត់ នៅក្នុងតំបន់ដែលស្ថិតនៅចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីទីក្រុងម៉ុមបៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
មន្រ្តីក្នុងតំបន់បានឲ្យដឹងថា ទំនប់ទឹកមួយនៅតំបន់ឆ្នេរសមុទ្រកូនខាន់ (Konkan) នៃរដ្ឋម៉ាហារ៉ាស្រ្តា (Maharashtra) ប្រទេសឥណ្ឌា បានបាក់ស្រុត បន្ទាប់ពីមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា។ នៅក្នុងសោកនាដកម្មនោះដែរ លំនៅដ្ឋានរបស់ប្រជាជនជាច្រើនខ្នង ដែលស្ថិតនៅតាមតំបន់ក្រោមទំនប់ទឹកនោះ ក៏ត្រូវបានទឹកជន់បោកបក់ នាំយកទៅជាមួយផងដែរ រួមទាំងមនុស្សម្នាជាច្រើននាក់។
គួររំលឹកផងដែរថា គ្រោះបាក់ទំនប់ទឹកនេះបានកើតឡើងតាំងពីយប់ថ្ងៃអង្គារមកម្ល៉េះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់នោះ។ មន្ដ្រីនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា ពួកគេបានរកឃើញសាកសព ០៩នាក់ហើយ នៅវេលាម៉ោង៩៖៣០នាទីព្រឹក (ម៉ោងនៅម៉ុមបៃ) ក្នុងចំណោមមនុស្សជាង ៣០នាក់ដែលគេអះអាងថាបាត់ខ្លួន។
ប្រជាជនក្នុងតំបន់នោះបានអះអាងថា យ៉ាងហោចណាស់មានមនុស្ស ២៣នាក់ទៀតបាត់ខ្លួន រកមិនទាន់ឃើញនៅឡើយ។ ក្រុមមន្ត្រីដដែលបាននិយាយថា ប្រតិបត្ដិការស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួន កំពុងតែដំណើរការហើយ។ នៅថ្ងៃពុធនេះអាជ្ញាធរឥណ្ឌាក៏បានដាស់តឿន ទៅកាន់ប្រជាជនរស់នៅជាង ១០ភូមិនៅជិតតំបន់នោះឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្តរទៀត នៅក្នុងទីក្រុងម៉ុមបៃ និងតំបន់ឆ្នេរនៅថ្ងៃពុធនេះផងដែរ។
គួរបញ្ជាក់ថា មានជើងយន្តហោះជាង ២០០ ហើយដែលត្រូវបានលុបចោល ឬបង្វែរចេញពីអាកាសយានដ្ឋានម៉ុមបៃ ដោយសារតែមានផ្លូវរត់តែមួយគត់ ដែលកំពុងតែដំណើការត្រូវបានផ្អាក បន្ទាប់ពីយន្តហោះក្រុមហ៊ុន ស្ប៉ៃស៍ចេត (Spicejet) ហោះហើរចេញខុសផ្លូវកាលពីថ្ងៃអង្គារម្សិលមិញ៕