(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្ត្រមកពីប្រទេសចិន និងជប៉ុន បានប្រទះឃើញកាំរស្មីវិទ្យុសកម្មពីទីអវកាស ឬ Gamma Ray ដែលមានថាមពលខ្លាំងក្លាបំផុត មិនធ្លាប់ជួបប្រទះពីមុនមកឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃពុធនេះ ក្រុមអ្នកស្រាវជ្រាវនៃបណ្ឌិតសភាវិទ្យាសាស្រ្តចិន បានឲ្យដឹងថា ថាមពលរបស់របស់កាំរស្មីខាងលើ មានកម្លាំងខ្ពស់ខ្លាំងរហូតដល់ទៅ ៤៥០ TeV (ខ្នាតថាមពលមានឈ្មោះពេញថា Transient Earth Voltage) ពោលគឺស្មើនឹងថាមពលរបស់កាំរស្មីអ៊ិច ដែលគេប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យផ្នែកវិជ្ជសាស្រ្តប្រមាណ ៤៥ពាន់លានដង។ កាំរស្មី Gamma Ray មានថាមពលដ៏ខ្លាំងមហិមានេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តខាងលើអង្កេតឃើញ តាមរយៈមជ្ឈមណ្ឌលតាមដានផ្ទៃមេឃ នៅឯតំបន់ទីបេប្រទេសចិន។
គួរជម្រាបថា បើតាមការជឿជាក់របស់អ្នកវិទ្យាសាស្រ្ត កាំរស្មី Gamma Ray ទាំងនោះ មានប្រភពមកពីកន្លែងបង្កើតផ្កាយមានឈ្មោះថា Crab (ក្តាម) Nebula នៅក្នុងកញ្ចុំផ្កាយ Taurus ដែលស្ថិតនៅចម្ងាយប្រហែល ៦,៥០០ពន្លឺពីភពផែនដី។ កាំរស្មី Gamma Ray ដែលជាប់កំណត់ត្រាមានថាមពលខ្លាំងបំផុតនាពេលកន្លងមកវិញ គឺមានកម្លាំងស្មើ ៧៥ TeV ដែលត្រូវបានប្រទះឃើញដោយប្រព័ន្ធតេឡេស្កូប HEGRA Cherenkov នៅប្រទេសអាល្លឺម៉ង់៕