(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណបានអះអាងថា ការធ្វើតេស្ដបាញ់មីស៊ីលរបស់ចិននៅឯតំបន់ សមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ គឺជាទង្វើបង្កការរំខាន និងផ្ទុយទាំងស្រុងទៅនឹងការអះអាង របស់ទីក្រុងប៉េកាំងដែលថា ខ្លួននឹងមិនធ្វើសកម្មភាពយោធានៅក្នុងតំបន់ដែនទឹកជម្លោះនេះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។
ប្រតិកម្មរបស់មន្ទីរបញ្ចកោណ ធ្វើឡើងបន្ទាប់ពីមន្ត្រីអាមេរិកជាច្រើននាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះប្រាប់ទូរទស្សន៍អាមេរិក NBC ថាចិនបានបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាជាច្រើនគា្រប់ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាលពីចុងសប្ដាហ៍កន្លងទៅ។ ដោយឡែកជុំវិញព័ត៌មាននេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ដេវ អ៊ីសប៊ឺន (Dave Eastburn) បានចោទប្រកាន់ថា នេះជាទង្វើបង្កការរំខាន។
លោក Dave Eastburn បានគូសបញ្ជាក់បន្ថែម នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃអង្គារសប្ដាហ៍នេះយ៉ាងដូច្នេះថា «ជាការពិតណាស់មន្ទីរបញ្ចកោណបានដឹងថា ចិនបានបាញ់ សាកល្បងមីស៊ីលចេញពីមូលដ្ឋានរបស់ខ្លួន ក្នុងតំបន់សមុទ្រចិនខាងត្បូងក្បែរទីប្រជុំកោះ ស្ព្រាតលី (Spratly)... ហើយខ្ញុំនិយាយនេះ មិនមែនតំណាងឱ្យភាគីជម្លោះណាមួយទេ។ ប៉ុន្តែទង្វើបែបនេះគឺជាការរំខាន និងផ្ទុយទាំងស្រុងទៅនឹងការអះអាង របស់ទីក្រុងប៉េកាំងដែលថា ខ្លួននឹងមិនធ្វើសកម្មភាពយោធា នៅក្នុងតំបន់ដែនទឹកជម្លោះនេះទេ»។ ប៉ុន្តែចិនមិនទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយទេ។
គួរបញ្ជាក់ថា ចិនបានអះអាងថាតំបន់ជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលមានទំហំពាណិជ្ជកម្ម ឆ្លងកាត់៥ទ្រីលានដុល្លារក្នុងមួយឆ្នាំ ស្ទើរតែទាំងស្រុងគឺជាកម្មសិទ្ធិរបស់ខ្លួន ខណៈម៉ាឡេស៊ី ហ្វីលីពីន វៀតណាម ព្រុយណេ និងតៃវ៉ាន់ ក៏បានទាមទារចំណែកដែនទឹកនេះរៀងៗខ្លួនផងដែរ៕