(ម៉ូស្គូ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានជួបប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិរបស់លោក អស់ជាច្រើនម៉ោង បន្ទាប់ពីមានព័ត៌មានអំពីឧបទ្ទវហេតុដ៏អាក្រក់ ដែលបានកើតឡើងមកលើនាវាមុជទឹករបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នារសៀលថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។
លោក ពូទីន បាននិយាយថា មានមេបញ្ជាការថ្នាក់ទីមួយចំនួន ០៧រូប និងមានមន្ត្រីយោធាជាន់ខ្ពស់រុស្សីពីររូប បានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ក្នុងចំណោមមនុស្សដែលបានបាត់បង់ជីវិតទាំងអស់ ១៤នាក់។ លោក ពូទីន ក៏បានសង្កត់ធ្ងន់ផងដែរថា «វាជាការខាតបង់យ៉ាងធំធេងសម្រាប់រុស្សី»។
លោកប្រធានាធិបតី ពូទីន បានសម្តែងអារម្មណ៍សោកស្តាយ និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពនាយទាហានជើងទឹក ដែលបានបាត់បង់ជីវិតទាំងអស់ ក្នុងគ្រោះអគ្គីភ័យក្នុងនាវាមុជទឹកយោធា សម្រាប់ស្រាវជ្រាវក្រោមសមុទ្រនោះ។ លោកបានណែនាំឲ្យក្រសួងការពារជាតិ ឲ្យផ្តល់ជំនួយ និងការគាំទ្រដល់គ្រួសារជនរងគ្រោះផងដែរ ដោយស្នើសុំឱ្យរដ្ឋមន្រ្តីការពារជាតិ ទៅមើលកន្លែងកើតហេតុដោយផ្ទាល់ ហើយពិនិត្យមើលកំណត់ហេតុអំពីមូលហេតុ ដែលបានបង្កទៅជាសោកនាដកម្មនេះ។
គួរបញ្ជាក់ថា នៅថ្ងៃទី០១ខែកក្កដា គ្រោះអគ្គីភ័យមួយបានកើតមានឡើង នៅលើនាវាមុជទឹកចម្បាំងមួយគ្រឿង ដែលនាវានេះត្រូវបានផលិតឡើង ដើម្បីស្រាវជ្រាវរកតំបន់ទ្រនាប់ឆ្នេរសមុទ្រ និងបាតសមុទ្រ។ បើទោះបីជា ភ្លើងត្រូវបានពន្លត់យ៉ាងឆាប់រហ័សក៏ដោយ ក៏មាននាវិកមុជទឹកចំនួន ១៤នាក់បានស្លាប់ ដោយសារតែការហិតផ្សែងពុលហួសប្រមាណ។
យោងតាមសេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងថា អគ្គីភ័យនៅលើនាវាមុជទឹកត្រូវបានពន្លត់ឲ្យរលត់ដោយនាវិកក្នុងនាវាមុជទឹកដដែលនោះ ហើយបន្ទាប់ពីឧបទ្ទវហេតុនេះ នាវាដែលឆេះនោះ ត្រូវបានគេអូសទៅមូលដ្ឋានកងទ័ពជើងទឹកនៅតំបន់ សេវែរ៉ូម៉ូសក៍ (Severomorsk) ។ ចំណែកឯ ការស៊ើបអង្កេតលើឧបទ្ទវហេតុនេះនឹងត្រូវធ្វើឡើងដោយ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីដោយផ្ទាល់៕