Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពន្លឺថ្មីសម្រាប់វេណេស៊ុយអេឡា! រដ្ឋាភិបាល និងបក្សប្រឆាំងគ្រោងចរចាគ្នា ឲ្យបានសម្រេចនៅចុងឆ្នាំ២០១៩ (Video inside)

03-07-2019 12:03

(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយដោយភាពជឿជាក់ថា រដ្ឋាភិបាលលោកនឹងអាចឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយក្រុមបក្សប្រឆាំងនៅចុងឆ្នាំ២០១៩នេះ ដើម្បីបញ្ចប់វិបត្តិនយោបាយដ៏អាក្រក់ ដែលបានផ្ទុះឡើងកាលពីដើមឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ បានប្រាប់ស្ថានីយទូរទស្សរន៍រដ្ឋវេណេស៊ុយអេឡាយ៉ាងដូច្នេះ «ខ្ញុំប្រាកដក្នុងចិត្តថា មិនហួសពីឆ្នាំ២០១៩នេះឡើយ ពួកយើងនឹងអាចសម្រេចបានកិច្ចព្រមព្រៀងយ៉ាងប្រសើរមួយ ដោយឈរលើការយោគយល់ អធ្យាស្រ័យ សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រទេសវេណេស៊ុយអេឡា»។ លោក ម៉ាឌូរ៉ូ បានបញ្ជាក់ទៀតថា រដ្ឋាភិបាលលោកនៅតែត្រៀមខ្លួនជានិច្ច ដើម្បីបន្តចរចាគ្នាដោយសន្តិវិធីជាមួយបក្សប្រឆាំង ដែលនឹងធ្វើឡើងនៅប្រទេសន័រវែស។

គួរជម្រាបថា វិបត្តិនយោបាយនៅវេណេស៊ុយអេឡាបានផ្ទុះឡើងកាលពីខែមករា ឆ្នាំ២០១៩ នៅពេលមេបក្សប្រឆាំងដ៏ធំរបស់ប្រទេសអាមេរិកឡាទីនមួយនេះ គឺលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) បានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទី ហើយទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក ព្រមទាំងប្រទេសជាច្រើនទៀត ដែលគាំទ្ររបត់នយោបាយរបស់អាមេរិក។

យ៉ាងណាមិញ នាប៉ុន្មានសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលវេណេស៊ុយអេឡា និងក្រុមបក្សប្រឆាំង បានជជែកគ្នាជាច្រើនលើករួចមកហើយ ក្រោមការសម្របសម្រួលពីន័រវែសនៅឯទីក្រុង អូស្លូ (Oslo) ប៉ុន្តែមិនទាន់សម្រេចបានកិច្ចព្រមព្រៀងនៅឡើយ ខណៈស្ថានការណ៍នៅប្រទេស វេណេស៊ុយអេឡាហាក់មានសភាពស្ងប់ស្ងាត់បន្តិច៕