(ម៉ុមបៃ)៖ យ៉ាងហោចណាស់មានមនុស្ស ០២នាក់បានស្លាប់ និង ២២នាក់ទៀតបាត់ខ្លួន នៅពេលដែលទំនប់តូចមួយស្ថិតនៅក្នុងស្រុក រ៉ាត់ណាជីរី (Ratnagiri) ភាគខាងលិចប្រទេសឥណ្ឌា បានបាក់ស្រុតកាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
តាមប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា ភូមិប្រជាជនចំនួន ៦ ទៅ ៧ ត្រូវបានគេជឿថា បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នេះ ខណៈផ្ទះប្រជាជានសរុប ១២ខ្នង ត្រូវបានទឹកហូរនាំទៅជាមួយ។ ឥឡូវនេះក្រុមកងកម្លាំងជួយសង្រ្គោះជាតិឥណ្ឌា កំពុងតែញាប់ដៃញាប់ជើងក្នុងការបំពេញប្រតិបត្តិការរុករក និងជួយសង្រ្គោះជនរងដែលកំពុងបាត់ខ្លួនទាំងជាង ២០នាក់ខាងលើ។
គួរបញ្ជាក់ផងដែរថា សំណង់ទំនប់នេះមានសមត្ថភាពអាចទប់ទឹកបានរហូតដល់ ២.៤លានម៉ែត្រគូប ត្រូវបានបិទបញ្ចប់ការសាងសង់របស់ខ្លួនកាលពីឆ្នាំ២០១២ ហើយមូលហេតុនៃការបាត់ស្រុតនេះ គឺទំនងជាដោយសារតែភ្លៀងធ្លាក់ខ្លាំងនាប៉ុន្មានថ្ងៃជាប់ៗគ្នា ដែលជាហេតុធ្វើឲ្យកម្រិតទឹកកើនឡើង លើសពីអ្វីដែលទំនប់អាចទ្រទ្រង់។ នៅថ្ងៃអង្គារដដែលនោះ ក៏មានករណីរលំជញ្ជាំងមួយនៅទីក្រុងម៉ុមបៃផងដែរ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ១៥នាក់៕