(អេហ្ស៊ីប)៖ ប្រាសាទពីរ៉ាមីតឡាហាន់ (Lahun) ដែលមានអាយុកាល ៤,០០០ឆ្នាំ បានបើកទ្វារឱ្យ សាធារណជនចូលទស្សនាបណ្ដាញផ្លូវដើរ និងបន្ទប់បញ្ចុះសពសម័យបុរាណជាលើកដំបូងនៅក្នុង សប្ដាហ៍នេះ ក្រោយពីបានសម្រេចបិទទ្វាររាប់រយឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។
ក្រុមការងារផ្នែកបុរាណវិទ្យា បានចំណាយពេលជាងមួយឆ្នាំដើម្បីសម្អាតបន្ទប់បញ្ចុះសពនៅក្នុង ប្រាសាទពីរ៉ាមីត Lahun ដែលកប់នៅក្រោមផ្ទំាងថ្ម និងកម្ទេចកម្ទីរអស់រយៈពេលរាប់រយឆ្នាំ។ ប្រាសាទពីរ៉ាមីតត្រូវបានបិទទ្វារ ចាប់តាំងពីរបកកំហើញក្នុងសតវត្សរ៍ទី ១៩ មកម្ល៉េះ ប៉ុន្តែក្រសួងបុរាណវិទ្យាអេហ្ស៊ីបបានសម្រេចចិត្ត បើកទ្វារពីរ៉ាមីតនេះឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរ។
គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីបកំពុងព្យាយាមស្តារមុខមាត់ឡើងវិញ នៃវិស័យទេសចរណ៍របស់ខ្លួន ក្រោយការផ្លាស់ប្តូររបបលោក ហូស្នី មូបារ៉ាក់ កាលពីឆ្នាំ២០១១ ដែលបានធ្វើឲ្យប្រទេសអាហ្វ្រិកខាងជើងមួយនេះ ជួបប្រទះភាពអសន្តិសុខជាខ្លាំង។ ដោយឡែកមួយ រយៈចុងក្រោយនេះភ្ញៀវទេសចរ ក៏បានចាប់អារម្មណ៍ទៅទស្សនាអេហ្ស៊ីបឡើងវិញដែរ តែហេតុការណ៍បំផ្ទុះ គ្រាប់បែកលើរថយន្តក្រុងដឹកអ្នកទេសចរអន្តរជាតិកាលពីឆ្នាំ២០១៨ បានធ្វើឲ្យការទស្សនាកម្សាន្ត នៅប្រទេសនេះក្លាយជារឿងគួរឲ្យភ័យខ្លាចដដែល៕