(តូក្យូ)៖ ដោយសារភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំងក្លា នៅតំបន់ភាគនិរតីប្រទេសជប៉ុន មនុស្សប្រមាណ ៨៥០,០០០នាក់ត្រូវបានស្នើឲ្យជម្លៀសខ្លួនចេញពីលំនៅឋាន ដើម្បីទៅរកទីសុវត្ថិភាព។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានជប៉ុន NHK នៅព្រឹកថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។
បើតាមសេចក្តីរាយការណ៍របស់សាព័ត៌មាន NHK ប្រជាជនជប៉ុនដែលរស់នៅខេត្តខាហ្គោស្ស៊ីម៉ា (Kagoshima), អ៊ីហ៊ីមី (Ehime), និងឃូម៉ាម៉ូតូ (Kumamoto) ត្រូវបានអាជ្ញាធរជប៉ុនផ្តល់អនុសាសន៍ ឲ្យជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ព្រោះតែការកើនឡើងនៃហានិភ័យគ្រោះរអិលបាក់ដី និងទឹកជំនន់នៅតាមតំបន់ដែលទទួលរងការធ្លាក់ភ្លៀង។
គួរជម្រាបថា យោងតាមអាជ្ញាធរជប៉ុនស្ថានការណ៍ទំនងជានឹងពុំមានភាពប្រសើរឡើងឡើយ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ខណៈភ្លៀងនឹងនៅតែបន្តធ្លាក់ជោគជាំនៅឯទីប្រជុំកោះឃ្យូស៊ុ (Kyushu) និងស្ស៊ីកូគុ (Shikoku)៕