(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានទទូចឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បង្ហាញពីភាពបត់បែនខ្លះចំពោះកូរ៉េខាងជើង រួមមានការបន្ធូរបន្ថយទណ្ឌកម្មជាដើម កំឡុងការជួបមុខគ្នានៅកិច្ចប្រជុំ G20 កាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី (Wang Yi) នាថ្ងៃអង្គារនេះបានប្រាប់ក្រុមអ្នកសារព័ត៌មានថា នាឱកាសជួបមុខគ្នានៅ G20 លោក ស៊ី បានជំរុញឲ្យសហរដ្ឋអាមេរិកបង្ហាញភាពបត់បែនខ្លះៗ ចំពោះបញ្ហាកូរ៉េខាងជើង រួមមានការបន្ធូរបន្ថយទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង និងការព្យាយាមរក ដំណោះស្រាយសម្រាប់ក្តីកង្វល់របស់ភាគីទាំងពីរ តាមរយៈកិច្ចចរចា។
គួរជម្រាបថា មុនពេលជួបលោក ត្រាំ កំឡុងកិច្ចប្រជុំ G20 ដែលត្រូវបានរៀបចំឡើងនៅប្រទេសជប៉ុន កាលពីចុងសប្តាហ៍មុន ដើម្បីជជែកជាសំខាន់លើបញ្ហាពាណិជ្ជកម្មចិន-អាមេរិក លោក ស៊ី បានទៅទស្សនកិច្ចជាលើកដំបូង ក្នុងនាមជាប្រធានាធិបតី ចិននៅកូរ៉េខាងជើង។
រីឯលោក ត្រាំ វិញក្រោយចូលរួមកិច្ចប្រជុំ G20 និងជួបលោក ស៊ី ហើយនៅជប៉ុន ក៏បានទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង ហើយស្តាត់ជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅព្រំដែនអន្តរកូរ៉េថែមទៀត។ តាមរយៈជំនួបនេះ លោក ត្រាំ និង លោក គីម ព្រមឯកភាពគ្នាបន្តកិច្ចចរចាកម្រិតការងារ ស្តីពីបញ្ហារំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងឡើងវិញ។ ទីក្រុងប៉េកាំងក៏បានចេញមុខស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះដំណើរការវិវឌ្ឍន៍នេះដែរ៕