(ហាណូយ)៖ ជំងឺប៉េសជ្រូកអាហ្រ្វិកហៅកាត់ថា ASF បានវាយលុកស្ទើរគ្រប់ខេត្តក្រុងទាំងអស់ នៅទូទាំងប្រទេសវៀតណាម ខណៈសត្វជ្រូកជាង ២.៨៤លានក្បាលហើយគឺស្មើនឹង ១០.៣ភាគរយនៃចំនួនសត្វជ្រូកទាំងអស់នៅក្នុងប្រទេសវៀតណាម ត្រូវអាជ្ញាធរយកទៅសម្លាប់ចោល ដើម្បីបង្ការការឆ្លងរាលដាល។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានវៀតណាម Vietnam News នៅរសៀលថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩។
បើតាមអាជ្ញាធរវៀតណាមខេត្ត ត្រាវិញ (Tra Vinh) ដែលនៅប៉ែកខាងត្បូងប្រទេស បានក្លាយជាទីតាំងចុងក្រោយគេ ដែលបានទទួលរងការវាយប្រហារពីជំងឺជ្រូក ASF។ ដោយសារតែការខ្វះខាតសាច់ជ្រូក ដែលនឹងកើតឡើងដោយជៀសមិនផុតក្នុងឆ្នាំនេះ ដោយសារតែជំងឺប៉េសជ្រូកអាហ្រ្វិកវៀតណាម នឹងផ្តោតទៅបង្កើនការចិញ្ចឹមគោមាន់-ទា និងបង្កាត់ពូជត្រីវិញ ដើម្បីត្រៀមទប់ទល់នឹងបញ្ហានេះ។
គួរជម្រាបថា វៀតណាមបានរាយការណ៍ពីករណីជំងឺ ASF ដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅខេត្តហាំងយ៉េន (Hung Yen) ភាគខាងត្បូងប្រទេស។ ជំងឺជ្រូក ASF មិនប៉ះពាល់ដល់សុខភាពមនុស្សយើងទេ ប៉ុន្តែវាបង្កគ្រោះថ្នាក់ខ្លាំងក្នុងចំណោមសត្វជ្រូក ដែលអាចឆ្លងរាលដាល តាមរយៈសត្វជ្រូកងាប់ឬនៅរស់ ឬផលិតផលសាច់ជ្រូក។ បច្ចុប្បន្នខេត្តក្រុងទាំងជាង ៦០ របស់ប្រទេសវៀតណាម ស្ទើរតែផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិកនេះ ទាំងអស់ទៅហើយ ក្នុងនោះរួមទាំងរដ្ឋធានីហាណូយផងដែរ៕