(បរទេស)៖ ខណៈស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនកំពូលៗដូចជា Apple និង Google សុទ្ធតែត្រូវគេសង្ស័យថា នឹងមានបណ្តុំប្រព័ន្ធកាមេរ៉ាមានរាង Squircle (លក្ខណៈដូចការ៉េ តែមគែមទាំង០៤កោង) ដែលជាម៉ូតក្រុមហ៊ុន Huawei ធ្លាប់ប្រើរួចទៅហើយនៅលើស៊េរីស្មាតហ្វូន Mate 20 របស់ខ្លួនកាលពីឆ្នាំមុននោះ នៅត្រីមាសទី៣នៃឆ្នាំនេះ ស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូត Huawei Mate គឺស៊េរី Mate 30 ប្រហែលជានឹងមិនមានកាមេរ៉ារាងបែបនេះទៀតឡើយ។

យោងតាមរូបភាពមួយដែលទើបលេចធ្លាយ នៅលើបណ្តាញអ៊ីនធើណែតក្តៅៗតែម្តងនោះ បានបង្ហាញឲ្យឃើញថា ផ្ទាំងកញ្ចក់ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Mate 30 ដែលនឹងត្រូវបង្ហាញខ្លួនជាផ្លូវការក្នុងពេលប៉ុន្មានខែទៀត មានចន្លោះធំមួយរាងមូល ដែលទំនងជារាងនៃសំណុំកាមេរ៉ារបស់វា។ យ៉ាងណាមិញ ដូចបានលើកឡើងហើយថា នៅសល់ច្រើនខែទៀតឯណោះ ទើបស្មាតហ្វូនស៊េរីថ្មីរបស់ Huawei ត្រកូល Mate នេះនឹងបង្ហាញខ្លួន ដូច្នេះមិនដឹងថារូបភាពនោះអាចជឿជាក់បានប៉ុន្មានភាគរយឡើយ។

គួរជម្រាបថា ស្មាតហ្វូន Mate 30 Pro ដែលមានតម្លៃខ្ពស់ និងមុខងារលើសខ្វះគ្នាគួរសមធៀបជាមួយ Mate 30 ធម្មតា អាចនឹងដំណើរការដោយបន្ទះឈីប Kirin 985 រួមជាមួយបច្ចេកវិទ្យា 5G។ បន្ថែមពីនេះទៀតស្មាតហ្វូនបត់អេក្រង់ដំបូងគឺ Huawei Mate X ក៏គ្រោងនឹងចេញមកតំណាលគ្នាផងដែរ។ ដោយឡែកការដកការរឹតបន្តឹងខ្លះរបស់អាមេរិក លើក្រុមហ៊ុនចិននេះនឹងអាចឲ្យអ្នកគាំទ្រ និងការលក់របស់ក្រុមហ៊ុនមានការប្រសើរឡើងវិញ៕

ប្រភព៖ វែបសាយបច្ចេកវិទ្យា GSMarena (ថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩)