(ហុងកុង)៖ រដ្ឋាភិបាលចិននៅថ្ងៃអង្គារនេះ បានបង្ហាញការគាំទ្រដល់អាជ្ញាធរទីក្រុងហុងកុង ក្នុងការបើកការស៊ើបអង្កេត ជុំវិញសកម្មភាពខុសច្បាប់របស់ក្រុមបាតុករមួយចំនួន ដែលបានអុកឡុក និងបំផ្លិចបំផ្លាញសម្ភារៈនៅក្នុងអគារសភាហុងកុង នៅក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យទទួលបន្ទុកកិច្ចការក្រុងហុងកុង និងម៉ាកាវ នៃរដ្ឋាភិបាលទីក្រុងប៉េកាំងបានលើកឡើងដូច្នេះថា «វាគឺជាសកម្មភាពខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលបំផ្លាញសណ្ដាប់ធ្នាប់ ផលប្រយោជន៍ និងច្បាប់នៅក្នុងទីក្រុងហុងកុង... ដូច្នេះយើងគាំទ្រឱ្យមានការស៊ើបអង្កេត និងថ្កោលទោសចំពោះទង្វើខុសច្បាប់ទាំងនេះ»

គួរបញ្ជាក់ថា អំពើហិង្សារវាងប៉ូលិស និងក្រុមបាតុករបានផ្ទុះឡើងនៅក្នុងបាតុកម្មតវ៉ាមួយ នាឱកាសនៃការប្រារព្ធខួបលើកទី ២២ នៃការប្រគល់ក្រុងហុងកុងពីអង់គ្លេសទៅចិនគ្រប់គ្រង (ថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧) កាលពីថ្ងៃចន្ទកន្លងទៅ។ បាតុកម្មតវ៉ានេះបានបណ្ដាលឱ្យមនុស្ស ជាច្រើននាក់រងរបួស ខណៈបាតុករខ្លះបានអុឡុកចូលក្នុងអគារសភាក្រុងហុងកុង ព្រមទាំងទាមទារឱ្យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) ចុះចេញពីតំណែងផងដែរ៕