(អាមេរិក)៖ កែវយឺតអវកាស TESS របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានឆ្លុះរកឃើញភពដ៏តូចមួយ ហើយបើប្រៀបធៀបជាមួយភពអេលៀន ដែលវាបានរកឃើញនាពេលកន្លងមក គឺភពចុងក្រោយនេះតូចជាងគេបង្អស់។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩។
បើតាមអង្គការ NASA ភពខាងលើត្រូវបានដាក់ឈ្មោះឲ្យថា L 98-59b ហើយទំហំរបស់វាគឺអាចធំជាងភពអង្គារ (Mars) ប៉ុន្តែតូចជាងភពផែនដី។ ភព L 98-59b តូចជាង ១០ភាគរយ ធៀបនឹងភពដែលជាប់កំណត់ត្រាចាស់ជាភពតូចបំផុត នៅក្នុងរបកគំហើញរបស់កែវយឺតអវកាស TESS ដោយភពជាម្ចាស់កំណត់ត្រាចាស់នោះ មានទំហំប្រហែលគ្នានឹងទំហំនៃភពរបស់យើង។
ភព L 98-59b គោចរជុំវិញផ្កាយមួយដួង ដែលមានម៉ាសស្មើមួយភាគបីនៃម៉ាសរបស់ព្រះអាទិត្យ។ កែវយឺតអវកាស TESS ក៏បានប្រទះឃើញភពពីរទៀត នៅក្នុងប្រព័ន្ធផ្កាយជាមួយគ្នានោះផងដែរ ប៉ុន្តែពួកវាមានទំហំធំជាងផែនដី ១.៤ និង ១.៦ដង។ បើតាម NASA អ្នកវិទ្យាសាស្រ្តមិនទាន់ច្បាស់នោះទេថា ភពទាំងបីមានបរិយាកាសដែរ ឬអត់ ហើយបើមានតើមានផ្ទុកឧស្ម័នអ្វីខ្លះ។ ម៉្យាងវិញទៀត ភពទាំងនេះទំនងជាមិនមានលាក់ទុកជីវិតនោះទេ ដោយសារតែស្ថិតនៅក្រៅតំបន់អំណោយផល Habitable Zone នៃផ្កាយរបស់ពួកវា ដែលអាចឲ្យទឹករាវមានវត្តមាននៅលើផ្ទៃរបស់ភពមួយបាន។
គួរជម្រាបថា កែវយឺតអវកាស TESS ត្រូវបានបាញ់បង្ហោះឡើងទៅទីអវកាស កាលពីខែមេសា ឆ្នាំ២០១៨ ក្រោមគោលដៅចម្បងនៃការចងក្រងនូវបញ្ជីឈ្មោះភពអេលៀន នៅក្បែរពពួកផ្កាយដែលនៅជិតៗប្រព័ន្ធព្រះអាទិត្យយើងយើង។ បន្ទាប់ពីមក អ្នកវិទ្យាសាស្រ្តនឹងប្រើប្រាស់កែតយឺតអវកាស ដ៏មានអានុភាពមួយទៀតឈ្មោះថា James Webb ដែលនឹងត្រូវចេញប្រតិបត្តិការនៅឆ្នាំ២០២១ ដើម្បីសិក្សាលម្អិតលើភពនីមួយៗ ដែលស្ថិតក្នុងបញ្ជីនេះ៕