(ប៉េកាំង)៖ ប្រទេសចិនត្រូវគេរំពឹងថា នឹងធ្វើការវិនិយោគក្នុងទំហំជាង ១៥០ពាន់លាន ទៅលើបណ្តាញ 5G របស់ខ្លួនរហូតដល់ឆ្នាំ២០២៥ ដែលច្រើនជាងទំហំនៃការវិនិយោគ ទៅលើបណ្តាញ 4G កាលពីចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៨ នោះទៅទៀត ខណៈដែលក្រុមហ៊ុនទូរគមនាគមន៍-បច្ចេកវិទ្យាដ៏ធំរបស់ចិនផ្ទាល់គឺ Huawei កំពុងវ៉ាដាច់គេខាងផ្នែកបច្ចេកវិទ្យាសេវា 5G នៅទូទាំងប្រទេសចិន និងពិភពលោក។ នេះបើតាម ការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០១៩។
គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ចិនបានចំណាយទុន ១០០ពាន់លានដុល្លារ ដើម្បីវិនិយោគក្នុងបណ្តាញ 4G។ កាលពីខែមិថុនាកន្លងទៅ ប្រទេសចិនបានចេញការអនុញ្ញាតជាផ្លូវការ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា 5G ក្នុងលក្ខណៈពាណិជ្ជកម្ម ហើយកំពុងតែធ្វើតេស្តបណ្តាញសេវាជំនាន់ថ្មីបំផុតនេះ នៅតាមទីក្រុង និងតំបន់សំខាន់ទូទាំងប្រទេស។
បើតាមការព្យាករណ៍ ២៨ភាគរយនៃការតភ្ជាប់អ៊ីនធើណែត លើឧបករណ៍ចល័តនៅក្នុងប្រទេសចិន នឹងដំណើរការលើបណ្តាញ 5G នៅឆ្នាំ២០២៥ ដែលស្មើនឹងមួយភាគបីនៃការតភ្ជាប់អ៊ីនធើណែតទាំងអស់ ដោយដើរលើ 5G ទូទាំងសកលលោក។ ម៉្យាងវិញទៀត ស្ថានីយគោលនៃបណ្តាញ 5G ដែលជាកម្មសិទ្ធិរបស់ចិន នឹងអាចកើនដល់ ៤.៩លានកន្លែងនៅឆ្នាំ២០៣០ ដោយសារតែតម្រូវការពីអតិថិជន និងការប្រកួត ប្រជែងរវាងប្រ៊េនល្បីៗ ដែលនឹងជំរុញការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាចល័ត ជាពិសេសស្មាតហ្វូន 5G ក្នុងអំឡុងប៉ុន្មានឆ្នាំខាងមុខ។
គួរជម្រាបថា Huawei ដែលជាក្រុមហ៊ុនផ្នែកខាងបច្ចេកវិទ្យា និងទូរគមនាគមន៍យក្ស នៅក្នុងប្រទេសចិន ទើបតែបានប្រកាសកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនទទួលបានកិច្ចសន្យាចំនួន ៥០ ស្តីពីការសហការលើបណ្តាញ 5G ពីប្រទេសនិងតំបន់ចំនួន ៣០៕