(ស៊ីដនី)៖ ជនសង្ស័យជាបណ្តាញក្រុមភេរវករ ISIS ចំនួន០៣នាក់ត្រូវបានអាជ្ញាធរអូស្រ្តាលីចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាប ដែលបានប្រព្រឹត្តទៅជាលក្ខណៈទ្រង់ទ្រាយធំ នៅទូទាំងទីក្រុងស៊ីដនីនៃរដ្ឋញូសោតវែលស៍ (New South Wales) ភាគខាងកើតប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានអូស្រ្តាលី AAP នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩។
អាជ្ញាធរអូស្រ្តាលីបានឲ្យដឹងទៀតថា ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មទ្រង់ទ្រាយធំមួយ បានប្រព្រឹត្តទៅនៅទីក្រុងស៊ីដនីនាថ្ងៃអង្គារនេះ ប៉ុន្តែពុំមានការគំរាមកំហែងណាមួយដល់សុវត្ថិភាពសាធារណជនឡើយ ខណៈប្រតិបត្តិការនេះធ្វើឡើងក្រោយមានការស៊ើបអង្កេត លើមនុស្សមួយក្រុមដែលសង្ស័យថា មាននិន្នាការគាំទ្រក្រុមភេរវករ ISIS។
គួរជម្រាបថា ប្រតិបត្តិការខាងលើមានការចូលរួមពីកម្លាំងប៉ូលិសប្រចាំរដ្ឋ New South Wales ផ្ទាល់ ព្រមទាំងប៉ូលិសសហព័ន្ធរបស់អូស្រ្តាលី។ រីឯក្រុមជនសង្ស័យដែលត្រូវបានឃាត់ខ្លួន គឺសុទ្ធតែភេទប្រុសដែលមានអាយុ ២០ឆ្នាំ ២៣ឆ្នាំ និង ៣០ឆ្នាំ ហើយពួកគេនឹងត្រូវទទួលរងការចោទប្រកាន់ ពីបទល្មើសកម្រិតព្រហ្មទណ្ឌក្នុងថ្ងៃអង្គារនេះតែម្តង៕