(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៣នាក់បានស្លាប់នៅក្នុង ហេតុការណ៍បាក់រលំជញ្ជាំងថ្មមួយនៅថ្ងៃអង្គារនេះ ដែលបង្កឡើងដោយសារភ្លៀងធ្លាក់នៅក្នុង ទីក្រុងម៉ុមបៃ (Mumbai) ដែលនេះជាហេតុការណ៍ថ្មីមួយទៀត ក្រោយហេតុការណ៍ស្រដៀងគ្នានេះ បានកើតមានឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរឥណ្ឌា គ្រោះថ្នាក់ខាងលើបានកើតឡើងនៅក្នុងសង្កាត់ ភីមព្រីផាដា (Pimpripada) នៃតំបន់ម៉ាឡាដអ៊ីសត៍ (Malad East) ក្នុងទីក្រុង Mumbai។ ដោយឡែក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនមនុស្ស ១៥នាក់ក៏បានស្លាប់នៅក្នុងហេតុការណ៍ស្រដៀងគ្នានេះ ដោយជម្រកបណ្តោះអាសន្នរបស់កម្មករ ត្រូវបានជញ្ជាំងការដ្ឋានសំណង់មួយបាក់សង្កត់ពីលើ ស្ថិតនៅទីក្រុងភូណេ (Pune) ភាគខាងលិចនៃប្រទេសឥណ្ឌា ខណៈតំបន់នេះទើបតែកើតមានភ្លៀងធ្លាក់យ៉ាងដំណំផងដែរនោះ។

យ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមអ្នកជួយសង្រ្គោះកំពុងបង្កើតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ស្របពេលមានការំពឹងថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តធ្លាក់ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ កាលពីឆ្នាំ២០០៥ មនុស្សច្រើនជាង ៥០០នាក់បានបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់នៅក្នុងទីក្រុង Mumbai ជាទីដែលមានប្រជាជនខ្ទង់ ២០លាននាក់រស់នៅ និងជាទីក្រុងសេដ្ឋកិច្ចរីកចំរើនបំផុតរបស់ឥណ្ឌា ស្ថិតនៅបណ្តោយឆ្នេរភាគនិរតីប្រទេស៕