(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានលើកឡើងថា កិច្ចចរចាពាណិជ្ជកម្មជាមួយចិន បានចាប់ផ្តើមឡើងវិញជាបណ្តើរៗហើយ ប៉ុន្តែលោកចង់បានកិច្ចព្រមព្រៀងដែលពុំអាចស្មើគ្នាឡើយ គឺត្រូវតែល្អៀងមកខាងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បានឲ្យដឹងថា ក្រុមអ្នកចរចារបស់អាមេរិក និងចិន បានចាប់ផ្តើមជជែកគ្នាភាគច្រើនតាមទូរស័ព្ទ ហើយក៏មានការជួបមុខគ្នាផ្ទាល់ផងដែរ ដោយនិយាយរួមទៅវាបានបន្តឡើងវិញហើយ។ ទោះជាបែបនេះក្តី លោក ដូណាល់ ត្រាំ បានលើកឡើងថា ចិនបានកេងចំណេញលើសហរដ្ឋអាមេរិក ក្នុងវិស័យពាណិជ្ជកម្មជាយូរឆ្នាំមកហើយ ដូច្នេះយោងតាមភាពជាក់ស្តែងប្រទេសទាំងពីរ មិនអាចសម្រេចកិច្ចព្រមព្រៀង ដែលស្មើភាពទាំងស្រុងលក្ខណៈ ៥០ ទល់នឹង ៥០ បាននោះទេ ពោលគឺកិច្ចព្រមព្រៀងនោះត្រូវតែមានលក្ខណៈ ទេរមករកផលប្រយោជន៍របស់អាមេរិកបន្តិច។
គួរជម្រាបថា កំឡុងជំនួបនៅកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍សប្តាហ៍មុនលោក ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានយល់ព្រមចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មឡើងវិញ ក្រោយពីវាបានជាប់គាំងកាលពីខែឧសភាកន្លងទៅ ហើយការប្រកាសដំឡើងពន្ធទំនិញដាក់គ្នា ក៏បានកើតមានឡើងវិញ។ កិច្ចចរចានោះក៏បានឈានទៅរកការដកបម្រាមខ្លះចេញពី Huawei ដើម្បីឲ្យក្រុមហ៊ុនអាមេរិកក៏នឹងអាចបន្តការរកស៊ីជាមួយ Huawei ឡើងវិញផងដែរ។ បន្ថែមពីនេះ ពន្ធលើទំនិញចិនដែលលោក ដូណាល់ ត្រាំ គំរាមដាក់បន្ថែម ៣០០ពាន់លានដុល្លារទៀតនោះ ក៏ត្រូវបានលេបទុកទៅវិញដែរ៕