(ការ៉ាកាស់)៖ ក្រសួងការបរទេសវេណេស៊ុយអេឡា បានឱ្យដឹងនៅថ្ងៃអង្គារនេះថាអគ្គរដ្ឋទូត អាល្លឺម៉ង់ ដែលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បណ្ដេញចេញពីប្រទេសកាលពីខែមីនា កន្លងទៅ អាចនឹងត្រឡប់មកកាន់ទីក្រុងការ៉ាកាស់វិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Jorge Arreaza បានបញ្ជាក់ទៀតថា អគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Daniel Kriener អាចនឹងត្រឡប់ មកកាន់ប្រទេសវេណេស៊ុយអេឡា នៅក្នុងគោលបំណងស្ដារទំនាក់ទំនងការទូតជាធម្មតា ឡើងវិញរវាងប្រទេសទាំងពីរ។ ប៉ុន្តែ ខាងរដ្ឋាភិបាលអាល្លឺម៉ង់មិនទាន់ធ្វើអត្ថាធិប្បាយណាមួយ ជុំវិញការអះអាងនេះឡើយ។
គួរបញ្ជាក់ថា លោក Daniel Kriener ត្រូវបានលោក ម៉ាឌូរ៉ូ បណ្ដេញចេញពីវេណេស៊ុយអេឡា កាលពីខែមីនា បន្ទាប់ពីលោកបានចូលរួមជាមួយមន្ត្រីទូតអឺរ៉ុបជាច្រើននាក់ ទៅទទួលស្វាគមន៍ ការធ្វើមាតុភូមិនិវត្តន៍របស់មេបក្សប្រឆាំងលោក Juan Guaido នៅឯអាកាសយានដ្ឋាន អន្តរជាតិក្នុងទីក្រុងការ៉ាកាស់។
អាល្លឺម៉ង់ ក៏បានចូលរួមជាមួយប្រទេសជាង៥០ផ្សេងទៀត ដែលទទួលស្គាល់លោក Guaidoជា ប្រធានាធិបតីស្ដីទីស្របច្បាប់របស់វេណេស៊ុយអេឡាផងដែរ៕