(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានជាថ្មីថាអ៉ីរ៉ង់កំពុង លេងជាមួយភ្លើង ក្រោយប្រកាសបង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមឡើង វិញ ជាការសងសឹកនឹងទណ្ឌកម្មអាមេរិក។ នេះបើតាមការចេញដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩។
ជុំវិញបញ្ហានេះដែរ សេតវិមានបានបញ្ជាក់ថានឹងបន្តដាក់សម្ពាធជាអតិបរាមាលើអ៉ីរ៉ង់ រហូតដល់ទីក្រុងតេហេរ៉ង់ ផ្លាស់ប្ដូរផ្លូវដែលខ្លួនកំពុងដើរបច្ចុប្បន្ន ហើយអនុវត្តឡើងវិញនូវ ការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមក្រោមស្ដង់ដារអន្តរជាតិ។
ដោយឡែក នៅពេលអ្នកសារព័ត៌មានសួរថាមានចម្លើយអ្វីតបទៅអ៉ីរ៉ង់ដែរឬទេ? លោក ដូណាល់ ត្រាំ បាននិយាយថា គ្មានអ្វីត្រូវឆ្លើយនឹងអ៉ីរ៉ង់ឡើយ។ លោកបន្ថែមដូច្នេះថា៖ « គ្មានសារណាមួយត្រូវផ្ញើទៅអ៉ីរ៉ង់ទេ ព្រោះពួកគេបានដឹងពីអ្វីដែលខ្លួនកំពុងធ្វើ ហើយពួកគេ ក៏ដឹងដែរថាកំពុងលេងជាមួយភ្លើង»។
គួរជម្រាបថា កាលពីថ្ងៃចន្ទ អ៉ីរ៉ង់បានទទួលស្គាល់ថាខ្លួនបានរំលោភលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ តាមរយៈការបង្កើនការចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូម លើសពី៣០០គីឡូក្រាម។ ការសម្រេចចិត្តនេះទៀតសោត ធ្វើឡើងជាការឆ្លើយតបទៅ នឹងសហរដ្ឋអាមេរិក ដែលទើបតែប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីជានខ្ពស់ជាច្រើននាក់៕