(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Javad Zarif នៅថ្ងៃចន្ទនេះ បានទទួលស្គាល់ហើយថាទីក្រុង តេហេរ៉ង់ បានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ តាមរយៈការបង្កើនការចម្រាញ់ និងស្ដុកទុក សារធាតុអ៊ុយរ៉ាញ៉ូមលើសពី៣០០គីឡូក្រាម។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។
ថ្លែងប្រាប់សារព័ត៌មានអ៉ីរ៉ង់ Isna លោក Javad Zarif បានគូសបញ្ជាក់ដូច្នេះថា៖ «ផ្អែកលើអ្វីដែលខ្ញុំបានប្រាប់ ពីលើកមុន អ៉ីរ៉ង់បានចាប់ផ្ដើមចម្រាញ់ និងស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមលើសពី៣០០គីឡូក្រាម ដែលជាកម្រិតត្រូវ បានដាក់កំហិតនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥»។
គួរជម្រាបថា ការសម្រេចចិត្តខាងលើរបស់អ៉ីរ៉ង់ ធ្វើឡើងជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលទើបតែ ប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីជានខ្ពស់ជា ច្រើននាក់ក្នុងនោះរួមមានទាំង លោក Javad Zarif ផងដែរ៕