(អាមេរិក)៖ នៅពេលនេះក្រុមហ៊ុនអាមេរិក Google ដែលជាម្ចាស់នៃប្រព័ន្ធដំណើការ Android អាចបន្តការរកស៊ី ជាមួយក្រុមហ៊ុនយក្សចិន Huawei ដដែល ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាស នៅទីក្រុងអូសាកា នៃប្រទេសជប៉ុនកាលពីថ្ងៃទី២៩ ខែមិថុនា ដោយអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិក នានា អាចបន្តការលក់ផលិតផលឲ្យ Huawei ឡើងវិញ។
ទោះបីជាបែបនេះក្តី ការសម្រេចចិត្តគឺត្រូវរង់ចាំ Huawei ជាអ្នកសម្រេចវិញថា តើក្រុមហ៊ុននេះចង់បន្តគំរោង ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន Hongmeng OS និង Ark OS ឬក៏ចង់បន្តជាវសេវាកម្មពី Google ដដែល។ ប៉ុន្តែបើតាមអ្វីដែលគេចាំមិនភ្លេចទេនោះ ក្រុមហ៊ុន Huawei ធ្លាប់បញ្ជាក់ជាច្រើនដងរួចមកហើយ ខ្លួនបានស្វែងយល់អំពីផលលំបាក នៃក្រុមហ៊ុនជាមិត្តទាំងអស់នៅអាមេរិកដែលត្រូវបានបង្ខំចិត្តឲ្យផ្តាច់ទំនាក់ទំនង ជាមួយ Huawei ប៉ុន្តែក្រុមហ៊ុនចិនមួយនេះនៅតែចង់បានប្រព័ន្ធប្រតិបត្តិការ Android និង Windows ជាអាទិភាព ដើម្បីបំពេញតម្រូវការដល់អថិជនសកល ជាពិសេសនៅទ្វីបអឺរ៉ុប អាមេរិកឡាទីន និងអាស៊ីដែលជាទីផ្សារធំៗ របស់ខ្លួននៅក្រៅប្រទេស ដែលស្រឡាញ់ Android និង Windows។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះគេនៅមិនទាន់ដឹងថា តើក្រុមហ៊ុន Huawei នឹងអាចមានការ សម្រេចចិត្តថ្មីទៀតនោះឡើយ ប៉ុន្តែអ្ន កវិភាគកន្លងមកធ្លាប់បានលើកឡើងថា ក្រុមហ៊ុន Huawei ទំនងជាអាចយក Hongmeng OS សម្រាប់អថិជននៅក្នុងប្រទេសចិន ដោយសម្រួលឲ្យមានប្រព័ន្ធអេកូឡូជិខលជិតស្និទ្ធជាមួយ Android។ ដោយឡែក សម្រាប់ Ark OS ដែលត្រៀមសម្រាប់អថិជនអន្តរជាតិវិញ គឺជាអាចក្លាយជាជម្រើសវិញថា តើអថិជនបរទេសនោះចង់បាន Android ឬ Ark OS សម្រាប់ទូរស័ព្ទ Huawei របស់ពួកគេ។
សម្រាប់ព័ត៌មានលម្អិត និងផលិតផលថ្មីៗរបស់ Huawei នឹងត្រូវរង់ចាំរហូតដល់កំឡុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ ដែលជាពេលក្រុមហ៊ុនចិននេះ គ្រោង និងបញ្ចេញ Huawei Mate 30 series និង Huawei Mate X (ទូរស័ព្ទបត់អេក្រង់ដំបូង) ហើយក្រុមហ៊ុនបានប្រកាសរួចទៅហើយថា ស៊េរីថ្មីៗទាំងពីរនឹងដំណើរការដោយ ប្រព័ន្ធ ដំណើរការ Android ចុងក្រោយ (Q)។ បន្ថែមពីនេះទូរស័ព្ទស៊េរី Mate 20, P 30 ព្រមទាំង Honor និង Nova ស៊េរីខ្ពស់ៗផ្សេងទៀត ក៏នឹងទទួលបានការ Update ទៅ Android Pie ផងដែរ៕
ប្រភព៖ សារព័ត៌មាន Economic Times (ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩)
ប្រភពបន្ថែម៖ Huawei Central