(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រុមអ្នកនេសាទជប៉ុននឹងចាប់ផ្ដើមនេសាទត្រីបាឡែនឡើងវិញ នៅថ្ងៃចន្ទនេះ ជាលើកដំបូងបំផុត ក្នុងរយៈពេលជាងបីទសវត្សរ៍មកនេះ បន្ទាប់ពីទីក្រុងតូក្យូជាប់បម្រាម ក៏ដូចជាសម្រេចចិត្ត ដកខ្លួនចេញពីគណៈកម្ម ការត្រីបាឡែនអន្តរជាតិ៕
២៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានឱ្យដឹងថាយោធាអ៉ីស្រាអែលបានបាញ់មីស៊ីលជាច្រើនគ្រាប់ដោយមានគោលដៅ វាយប្រហារលើមូលដ្ឋានយោធា នៅក្បែរទីក្រុងដាម៉ាស់ និងតំបន់មួយចំនួននៅក្នុង ខេត្តហូម (Homs) នៅព្រឹកថ្ងៃចន្ទនេះ ដោយផ្ដាច់ជីវិតជនស៊ីវិល៤នាក់៕
៣៖ អាជ្ញាធរប៉ូលិសទីក្រុងហុងកុង បានប៉ះទង្គិចគ្នាយ៉ាងហិង្សាជាមួយក្រុមបាតុកររាប់ពាន់ នាក់ នៅថ្ងៃចន្ទនេះ នាឱកាសនៃការប្រារព្ធខួបលើកទី២២ នៃការប្រគល់ទីក្រុងហុងកុងពីអង់គ្លេស ឱ្យចិនគ្រប់គ្រងវិញ (ថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧)។
៤៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Mohammad Javad Zarif បានបញ្ជាក់ជាថ្មីថាទីក្រុង តេហេរ៉ង់ នឹងមិនចុះញមដោយសារតែទណ្ឌកម្ម ឬសម្ពាធពីសហរដ្ឋអាមេរិកឡើយ ហើយទីក្រុងវ៉ាស៊ីនតោនគួរតែបង្ហាញ ពីការគោរពជាមុនសិន បើចង់ជួបចរចាជាមួយអ៉ីរ៉ង់៕
៥៖ លោក សឺហ្គៃ ឆេមេហ្សូវ (Sergei Chemezov) ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតសព្វាវុធ ដ៏ធំមួយរបស់រុស្ស៊ី Rostec បានបង្ហើបឲ្យដឹងថារុស្ស៊ីបានចាប់ផ្តើមការផលិតប្រព័ន្ធមីស៊ីល ការពារដែនអាកាសជំនាន់ថ្មីបំផុត S-500 ហើយ៕
៦៖ មនុស្ស១០នាក់បានបាត់បង់ជីវិត ក្រោយពីយន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿងបានធ្លាក់នៅក្បែរ ទីក្រុងដាឡាស់ នៃរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ (ពេលវេលានៅរដ្ឋតិចសាស់)៕