(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញមុខសម្តែងការស្វាគមន៍ចំពោះ ជំនួបរវាងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯតំបន់ព្រំដែនអន្តរកូរ៉េ DMZ កាលពីរសៀលថ្ងៃអាទិត្យ។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានលើកឡើងនូវការស្វាគមន៍ខាងលើ នាថ្ងៃចន្ទនេះ បន្ទាប់ពីលោក គីម និង លោក ត្រាំ បានជួបមុខចាប់ដៃគ្នា ព្រមទាំងជជែកគ្នាដល់ទៅជិតមួយម៉ោង ដែលលើសពីការរំពឹងទុក នៅភូមិសន្តិភាព Panmunjom ក្នុងតំបន់ DMZ កំឡុងលោក ត្រាំ ត្រៀមបិទបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង។ តាមរយៈជំនួបនោះ លោក ត្រាំ និង លោក គីម បានយល់ព្រមបន្តកិច្ចចរចាជាមួយគ្នាឡើងវិញ ខណៈលោក Geng បានបញ្ជាក់ថា ចិនគាំទ្រពេញទំហឹង ចំពោះរឿងនេះ។
គួរជម្រាបថា នាឱកាសនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចទៅកាន់សេតវិមានអាមេរិក ថែមទៀតផង បន្ទាប់ពីរូបលោកបានក្លាយជាប្រធានាធិបតីអាមេរិក កំពុងកាន់អំណាច ដំបូងគេបំផុត ដែលបានឈានជើងជាន់លើទឹកដីកូរ៉េខាងជើង៕