(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បង្ហាញក្ដីរំពឹងថាកិច្ចចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អាចនឹងត្រូវចាប់ផ្ដើមឡើងនៅពាក់កណ្ដាលខែកក្កដានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។
លោក ប៉ុមប៉េអូ ថ្លែងបែបនេះនៅចំពោះមុខ អ្នកសារព័ត៌មាននៅឯមូលដ្ឋានទ័ពអាកាស Osan នៃភាគខាងត្បូងទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យ នាឱកាសអមដំណើរលោក ដូណាល់ ត្រាំ បំពេញ ទស្សនកិច្ចពីរថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា ៖ «កិច្ចចរចា នុយក្លេអ៊ែរអាចនឹងកើតឡើងជាថ្មី...នៅក្នុងខែកក្កដានេះ ពោលគឺខ្ញុំរំពឹងថានៅពីរ ឬបីសប្ដាហ៍ ខាងមុខនេះ»។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបគ្នានៅក្នុងជំនួប ដ៏ភ្ញាក់ផ្អើលមួយនៅឯតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ។ មួយវិញទៀត តាមរយៈជំនួបនេះលោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់អំណាចដំបូងគេបំផុត ដែលបានចូលទៅក្នុងទឹកដី កូរ៉េខាងជើងជាទីដែលលោក និងលោក គីម យល់ព្រមបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ៕