(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Mohammad Javad Zarif បានបញ្ជាក់ជាថ្មីថាទីក្រុង តេហេរ៉ង់ នឹងមិនចុះញមដោយសារតែទណ្ឌកម្ម ឬសម្ពាធពីសហរដ្ឋអាមេរិកឡើយ ហើយទីក្រុង វ៉ាស៊ីនតោនគួរតែបង្ហាញពីការគោរពជាមុនសិន បើចង់ជួបចរចាជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។
ការកត់សម្គាល់បែបនេះរបស់លោក Zarif ធ្វើឡើងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទ នេះ និងជាការឆ្លើយទៅនឹងលោក ដូណាល់ ត្រាំ ដែលបានអះអាងពីបំណងជួបជាមួយមេដឹកនាំអ៉ីរ៉ង់ ដោយគ្មានដាក់លក្ខខណ្ឌជាមុនអ្វីទាំងអស់។ លោក Zarif បានលើកឡើងដូច្នេះថា៖ «អ៉ីរ៉ង់និងមិន ចុះចាញ់ ឬចុះញម ដោយសារសម្ពាធពីសហរដ្ឋអាមេរិកនោះទេ...អាមេរិកគួរតែព្យាយាមបង្ហាញការគោរពដល់អ៉ីរ៉ង់...បើសិនជាពួកគេចង់ចរចាជាមួយអ៉ីរ៉ង់ ពួកគេគួរតែបង្ហាញការគោរព»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្ទុះឡើងក្រោយលោក ដូណាល់ ត្រាំ ប្រកាសដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ តាមរយៈការដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កាលពីឆ្នាំ២០១៨។ ប៉ុន្តែ ភាពតានតឹងនេះបានឡើង កម្ដៅជាអតិបរាមា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីជានខ្ពស់ជាច្រើននាក់ ជាការឆ្លើយតបទៅនឹងការបាញ់ទម្លាក់ យន្ដហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿងដោយយោធាអ៉ីរ៉ង់ កាលពីខែមិថុនា៕