(ហាណូយ)៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សហភាពអឺរ៉ុប (EU) និងវៀតណាម បានចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោយសេរីជាមួយគ្នា ដែលកិច្ចព្រមព្រៀងនេះនឹងលុបបំបាត់ការយកពន្ធស្ទើរតែលើគ្រប់មុខទំនិញទាំងអស់ ដែលនាំចេញពីវៀតណាមចូលទៅកាន់អឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងពិធីចុះហត្ថលេខានៅថ្ងៃអាទិត្យ ឧត្តមស្នងការពាណិជ្ជកម្មរបស់ EU លោកស្រី សេស៊ីលា ម៉ាលស្រ្តូម (Cecilia Malmstrom) បានថ្លែងសាទរថា វាជាជោគជ័យដ៏សំខាន់មួយរវាងដៃគូពាណិជ្ជកម្មទាំងពីរ។ យ៉ាងណាមិញ ទាល់តែទទួលបានការផ្តល់សច្ចាប័នពីសភាអឺរ៉ុប ទើបកិច្ចព្រមព្រៀងនេះអាចចូលជាធរមានផ្លូវការ ដែលវានឹងកើតឡើងនៅចុងឆ្នាំនេះ ឬក៏នៅដើមឆ្នាំក្រោយ។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុបនេះ ទំនិញអាចរហូតដល់៩៩ភាគរយ ដែលនាំចូលពីវៀតណាម នឹងមិនត្រូវយកពន្ធឡើយ នៅពេលនាំចូលទៅសហភាពអឺរ៉ុប។
គួរជម្រាបថា កិច្ចព្រមព្រៀងខាងលើ ដែលនឹងធ្វើឲ្យទីផ្សារអឺរ៉ុបបើកចំហកាន់តែធំទូលាយថែមទៀតសម្រាប់វៀតណាម នឹងជួយជំរុញផលិតផលនាំចេញចម្បងៗរបស់វៀតណាម រួមមានដូចជា វាយនភណ្ឌ ស្បែកជើង ស្មាតហ្វូន និងគ្រឿងបន្លាស់កុំព្យូទ័រ។ រីឯបណ្តាប្រទេសអឺរ៉ុប ក៏អន្ទះសាចង់ទាញយកផលប្រយោជន៍ពីទីផ្សារវៀតណាម ដែលមានប្រជាជនប្រមាណ៩៥លាននាក់ផងដែរ។ មួយវិញទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានកើតមានឡើង ស្របពេលដែលវៀតណាម ត្រូវអ្នកវិភាគភាគច្រើនមើលឃើញថា កំពុងទទួលផលចំណេញ ពីសង្រ្គាមពាណិជ្ជកម្មរវាងចិន-អាមេរិក ព្រោះក្រុមហ៊ុនជាច្រើនបានរត់មករកវៀតណាម ហើយការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក ក៏មានសន្ទុះកើនឡើងខ្លាំង៕