(ហុងកុង)៖ អាជ្ញាធរប៉ូលិសទីក្រុងហុងកុង បានប៉ះទង្គិចគ្នាយ៉ាងហិង្សាជាមួយក្រុមបាតុកររាប់ពាន់ នាក់ នៅថ្ងៃចន្ទនេះ នាឱកាសនៃការប្រារព្ធខួបលើកទី២២ នៃការប្រគល់ទីក្រុងហុងកុងពីអង់គ្លេស ឱ្យចិនគ្រប់គ្រងវិញ (ថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។
នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី Carrie Lam ក៏បានចូលរួមនៅក្នុងរំលឹកខួបនៅថ្ងៃចន្ទ នេះដែរ។ បើតាមអាជ្ញាធរប៉ូលិស ការប៉ះបង្គិចគ្នាដោយហិង្សាបានកើតឡើង នៅក្រោយពេល ក្រុមបាតុករបាននាំគ្នាបិទផ្លូវជាច្រើន និងមិនបានស្ដាប់ការណែនាំពីអាជ្ញាធរ ជាហេតុបង្ខំឱ្យពួកគេ ប្រើប្រាស់ម្សៅម្រេចបង្ហូរទឹកភ្នែក និងដំបងដើម្បីទប់ស្កាត់ក្រុមបាតុករ។
លើសពីនេះទៅទៀត នៅក្នុងការប៉ះទង្គិចគ្នា បាតុករជាច្រើននាក់បានរងរបួស រីឯប៉ូលិស១៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួរជម្រាបថា បច្ចុប្បន្ន នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី Carrie Lam កំពុងប្រឈមមុខ នឹងការអំពាវនាវឱ្យចុះចេញពីតំណែង បើទោះជាច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ត្រូវបានផ្អាកទៅវិញក៏ដោយ៕