(កាប៊ុល)៖ មនុស្សរហូតដល់៣៤នាក់បានបាត់បង់ជីវិត និង៦៨នាក់ទៀតដែលរងរបួស ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្រោយហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាមួយ ដែលទំនងជាការបំផ្ទុះគ្រាប់បែក បានកើតឡើងមានឡើងចំពេលមានមនុស្សមមាញឹក នា ថ្ងៃចន្ទនេះ នៅឯទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាហ្វហ្គានីស្ថាន ចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។
យ៉ាងណាមិញ បើតាមកម្លាំងប៉ូលិសប្រចាំទីក្រុងកាប៊ុល ពួកគេមិនទាន់ដឹងច្បាស់ពីចេតនាឬគោលដៅនៃការវាយប្រហារ ឬមួយ ក៏ប្រភេទនៃគ្រឿងផ្ទុះដែលត្រូវបានប្រើប្រាស់នៅឡើយទេ ខណៈទីតាំងនៃការផ្ទុះគឺបានកើតឡើង នៅតំបន់មានមនុស្សម្នាច្រើន ក្បែរអគារទីស្នាក់ការរបស់ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន។ ភ្លាមៗបែបនេះ មិនទាន់មានក្រុមភេរវករឬក្រុមឧទ្ទាមណាមួយ ចេញមុខអះអាងថា ជាស្នាដៃរបស់ពួកគេនៅឡើយទេ ខណៈក្រុម ISIS និងក្រុមតាលីបង់ តែងធ្វើសកម្មភាពជារឿយៗ នៅក្នុង ទីក្រុងកាប៊ុល។
គួរជម្រាបថា ហេតុការណ៍ខាងលើ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីសហរដ្ឋអាមេរិក និងក្រុមឧទ្ទាមតាលីបង់ បាន បើកកិច្ចចរចាសន្តិភាពឡើងវិញ នៅឯប្រទេសកាតា៕