(ម៉ូស្គូ)៖ លោក សឺហ្គៃ ឆេមេហ្សូវ (Sergei Chemezov) ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតសព្វាវុធដ៏ធំមួយរបស់រុស្ស៊ី Rostec បានបង្ហើបឲ្យដឹងថា រុស្ស៊ីបានចាប់ផ្តើមការផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មីបំផុត S-500 ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។
កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Chemezov បានប្រកាសដូច្នេះថា «ពួកយើងចាប់ផ្តើមការផលិតប្រព័ន្ធមីស៊ីល S-500 ហើយ ដែលវានឹងមានលក្ខណៈកាន់តែទំនើបហើយមានអានុភាពខ្លាំងថែមទៀត បើធៀបជាមួយប្រព័ន្ធ S-400»។ លោក Chemezov បានបញ្ជាក់ថា ប្រព័ន្ធសព្វាវុធថ្មីនេះ នឹងត្រូវប្រគល់ឲ្យយោធារុស្ស៊ី ក្រោយការធ្វើតេស្តចប់រួចរាល់។ កន្លងទៅឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក យូរី បូរីសូវ (Yuri Borisov) ក៏ធ្លាប់បាននិយាយដែរថា ប្រព័ន្ធ S-500 នឹងត្រូវដាក់ដំណើរការក្នុងជួរយោធារុស្ស៊ី ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។
គួរជម្រាបថា បើតាមផ្លូវការព័ត៌មានលម្អិតនៃប្រព័ន្ធមីស៊ីលនេះ នៅតែជារឿងសម្ងាត់នៅឡើយទេ ប៉ុន្តែយោងតាមសេចក្តីរាយការណ៍ព័ត៌មានវិញ ប្រព័ន្ធ S-500 មានសមត្ថភាពវាយប្រហារគោលដៅ រួមមានមីស៊ីលផ្លោងជាដើម ដែលស្ថិតនៅចម្ងាយ៦០០គីឡូម៉ែត្រពីវាបាន ហើយប្រព័ន្ធនេះត្រូវគេជឿជាក់ថា អាចចាប់សញ្ញានិងបាញ់កម្ទេចគោលដៅរហូតដល់ចំនួន១០ ក្នុងពេលតែមួយ ខណៈមុខសញ្ញាទាំងនោះហោះក្នុងល្បឿន០៧គីឡូម៉ែត្រក្នុងមួយវិនាទី ដែលលឿនជាងល្បឿនសំឡេងដល់ទៅ២០ដងក៏ដោយ៕