(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានឱ្យដឹងថាការប្រគល់ប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ដំបូង នឹងត្រូវធ្វើឡើងនៅរយៈពេល១០ថ្ងៃខាងមុខទៀតនេះ ខណៈសហរដ្ឋអាមេរិកព្រមានដាក់ ទណ្ឌកម្ម បើសិនជានិតិវិធីនេះត្រូវបានធ្វើឡើងមែននោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។
លោក អឺដូហ្គាន់ ធ្វើការអះអាងខាងលើនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយតួកគី កាលពី ថ្ងៃអាទិត្យ និងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកផ្ទាល់ បញ្ជាក់ថានឹងមិនមែនមានការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក ជុំវិញកិច្ចព្រមព្រៀងនេះនោះទេ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការ ណាតូ បានព្យាយាមបញ្ចុះបញ្ចូល លាយឡំជាមួយការព្រមានជាច្រើនលើកឱ្យតួកគី បោះបង់ចោល គម្រោងទិញ S-400 ដោយអះអាងថាប្រព័ន្ធមីស៊ីលនេះ អាចនឹងបំផ្លាញយុទ្ធសាស្ត្រការពារដែន អាកាសរបស់ណាតូ ស្របពេលដែលតួកគ ក៏ជាសមាជិកអង្គការនេះដែរ។
ប៉ុន្តែ តួកគីបានច្រានចោលរាល់ការព្រមាន ហើយអះអាងថានឹងមិនផ្លាស់ប្ដូរចិត្តឡើយ ដ្បិតតួកគី ត្រូវ ការជាចាំបាច់នូវប្រព័ន្ធមីស៊ីលរុស្ស៊ីមួយនេះ ដើម្បីការពារដែនអាកាស និងផលប្រយោជន៍របស់ខ្លួន។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានទុកពេលឱ្យតួកគីរហូតដល់ចុងខែកក្កដានេះ ក្នុងការសម្រេចចិត្ត បោះបង់ចោល S-400 បើពុំដូច្នោះទេ ទីក្រុងអង់ការ៉ានឹងត្រូវប្រឈមមុខជាប់ទណ្ឌកម្មអាមេរិក៕