(ដាម៉ាស់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានឱ្យដឹងថាយោធាអ៉ីស្រាអែលបានបាញ់មីស៊ីលជាច្រើនគ្រាប់ ដោយមានគោលដៅវាយប្រហារលើមូលដ្ឋានយោធា នៅក្បែរទីក្រុងដាម៉ាស់ និងតំបន់មួយចំនួននៅក្នុង ខេត្តហូម (Homs) នៅព្រឹកថ្ងៃចន្ទនេះ ដោយផ្ដាច់ជីវិតជនស៊ីវិល៤នាក់។ នេះបើតាមការដកស្រង់ចេញ ផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA មនុស្សយ៉ាងហោចណាស់៤នាក់ ក្នុងនោះរួមទាំងទារកម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់យោធាអ៉ីស្រាអែល នៅឯជាយទីក្រុងដាម៉ាស់ ខណៈមនុស្ស២១នាក់ផ្សេងទៀតរងរបួស។ SANA បន្ថែមទៀតថា មីស៊ីលទាំងនេះត្រូវបានចេញពីតំបន់ ដែនអាកាសលីបង់ ដែលស្ថិតក្រោមការគ្រប់គ្រងអ៊ីស្រាអែល និងមានគោលដៅវាយប្រហារលើមូលដ្ឋាន យោធា Mezzeh នៅក្បែរទីក្រុងដាម៉ាស់ ព្រមទាំងតំបន់ជាច្រើនទៀតនៅក្នុងខេត្ត ហូម។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA យោធាស៊ីរីក៏បានបាញ់កម្ទេចមីស៊ីលជាច្រើនគ្រាប់ ផងដែរ តែខាងយោធាអ៉ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយនោះទេ៕